header ads

Sponsor

សេចក្តីបំភ្លឺ ស្តីពីករណីបង្ហោះព័ត៌មានក្នុងបណ្តាញទំនាក់ទំនងសង្គម facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ បានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុកមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡើយ។

រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋានលើដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ(LMAP)បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែលបានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post