header ads

Sponsor

(ខេត្តស្វាយរៀង): មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយរវាងរថយន្តកុងតឺន័រ បានបើកបុករង្វង់មូលរូបក្រពើ នៅវេលាម៉ោងប្រមាណជា10 និង20នាទីយប់ នៅថ្ងៃទី17 ខែមិនា ឆ្នាំ2021 ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅទល់មុខសាលាស្រុកកំពង់រោទិ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តបង្កហេតុខាងលើជាប្រភេទរថយន្តដឹកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3D-2243 របស់ក្រុមហ៊ុនស៊ីខេ (CK) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ បានបើកបររថយន្តខាងលើនៅលើដងផ្លូវជាតិលេខ 314 D ក្នុងទិសដៅពីជើង មកត្បូង លុះមកដល់ចំណុចកើតហេតុគេសង្ស័យថាតែកុងរថយន្តមិនស្គាល់ស្ថានភាពភូមិសាស្ត្រ ជាចំណុចប្រសព្វដែលមានរង្វង់មូលរូបក្រពើនៅចំកណ្តាលផ្លូវ ហើយនៅកន្លែងកើតហេតុមានសភាពងងឹត ឬអាចបណ្ដាលមកពីតែកុងងងុយដេក ក៏បានបើករថយន្ដខាងលើមកបុករង្វង់មូលរូបក្រពើតែម្ដង ទើបបណ្ដាលឱ្យខូចខាតគ្រឹះរូបក្រពើព្រមទាំងបណ្ដាលអោយរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុងមិនអាចទៅមុខទៀតបាន។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរួចមក តៃកុងរថយន្តបានរត់គេចខ្លួនដោយបន្សល់ទុកនូវរថយន្តបង្កហេតុទុកនៅកន្លែងអស់រយៈពេលរាប់ម៉ោង គេមិនទាន់ឃើញមានរថយន្តស្ទូចយកទៅណាទេ។

សូមបញ្ជាក់ផងដែរថា: រង្វង់មូលរូបក្រពើនៅស្រុកកំពង់រោទិ៍នេះ ទើបតែកសាងសាជាថ្មីរួច ប៉ុន្តែមិនទាន់បានសម្ពោធជាផ្លូវការនោះទេ តែចៃដន្យក៏ត្រូវបានរថយន្តកុងតឺន័របុកបណ្តាលឲ្យខូចខាតគ្រឹះរូបសំណាកក្រពើអស់មួយចំហៀងទៅហើយ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post