ក្មេងស្រីរងគ្រោះជនជាតិខ្មែរចំនួន០៣នាក់ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២៣:១៥នាទីយប់ ជើងយន្តហោះលេខ.MU759 តាមច្រកអាកាសយាន្តដ្ឋានអត្តរជាតិភ្នំពេញ។ ក្មេងស្រីរងគ្រោះមានឈ្មោះ÷ ទី១. យ៉េន សុជាតា ទី២.សុខ ណា និងទី៣. សៀន ស្រីណុច មានទីលំនៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះខាងលើ បាននិងកំពុងអនុវត្តវិធានចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពោចិនតុង រាជធានីភ្នំពេញ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ka Met Ma បានផ្ញើសារចូលក្នុងប្រអប់សារគេហទំព័ររបស់ក្រុមប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិឈ្មោះ "ការពិតជា GCNP" ដោយសំណូមពរឲ្យអាជ្ញាធរជួយអន្តរាគមន៍សង្គ្រោះនាងមកកម្ពុជាវិញ ដោយពុំអាចស៊ូទ្រាំនឹងការធ្វើទារុណកម្ម អាហារហូបចុកមិនគ្រប់គ្រាន់ និងបង្ខាំងគ្មានសេរីភាព ព្រមទាំងគំរាមសម្លាប់" ។ បន្ទាប់មានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ករណីនេះត្រូវបានបញ្ជូនមកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ជំនាញនៃនាយកដ្ឋានបានធ្វើការទំនាក់ទំនងសម្របសម្រួលជាមួយឪពុកមាជនរងគ្រោះឲ្យមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី ។ ជាមួយគ្នានោះជំនាញបានធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះនៅប្រទេសចិនតាមប្រព័ន្ធ Facebook Messenger ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការកំណត់គោលដៅសង្គ្រោះ ។
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នាយកដ្ឋាន បានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីជនរងគ្រោះ និងបានផ្ញើជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងធ្វើការបន្តជាមួយស្ថានទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។
ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ គឺនៅខេត្តជាំងស៊ី ក្រុងណានឆាង ប្រទេសចិន និងបានសម្របសម្រួលអនុវត្តគោលការណ៍ជំនាញ និងនីតិវិធីនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីបញ្ជូនជនរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងថា សូមឲ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ហើយភាពយឺតយ៉ាវនេះបណ្តាលមកពីតម្រូវការអនុវត្តនីតិវិធីក្នុងការចាត់បញ្ជូនជនរងគ្រោះ រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសចិនផងដែរ។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញរកឃើញស្ត្រីរងគ្រោះជនជាតិខ្មែរសរុបចំនួន ០៤នាក់ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការខាងលើ ប៉ុន្តែអាចបំពេញបែបបទបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញបានចំនួន ៣នាក់ ប៉ុណ្ណោះ ដោយសារតែ ជនរងគ្រោះឈ្មោះ យ៉េន តី អាយុ១៦ ឆ្នាំកំពុងមានផ្ទៃពោះប្រហែល ៨ ខែ មិនអាចជិះយន្តហោះត្រឡប់មកកម្ពុជាវិញបានទេ ដោយរង់ចាំនីតិវិធីបន្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានឲ្យដឹងទៀតថា ពាក់ព័ន្ធករណីជួញដូរមនុស្សដោយខុសច្បាប់ទៅកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនារីរងគ្រោះខាងលើ សមត្ថកិច្ចបាន ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ឈ្មោះ ស្រេង សិត ភេទស្រី អាយុ ៣៦ ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែ ខេត្តត្បូងឃ្មុំ ដែលបាននាំជនរងគ្រោះឈ្មោះ យ៉េន សុជាតា ទៅប្រទេសចិន បង្ខំអោយរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ ហើយជនត្រូវចោទខាងលើ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដោះស្រាយគ្រប់សំណូមពររបស់នាយកដ្ឋានជំនាញ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម។

ប្រភព ការពិត GCNP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post