ក្រោយពីបុរសម្នាក់រស់នៅសង្កាត់គោកចក គ្រូពេទ្យបញ្ជាក់ថាមានជំងឺកូវីដ១៩ បន្ទាប់ពីបុរសរូបនេះមានប្រវត្តិធ្វើដំណើរចេញពីខេត្តកណ្ដាល ហើយចូលពិនិត្យសុខភាព និងសម្រាកតាមបន្ទប់ព្យាបាល និងមន្ទីរសម្រាកយ៉ាងហោចណាស់៣កន្លែងក្នុងក្រុងសៀមរាប មុនរកឃើញថាកើតជំងឺនេះ គឺនៅមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២០ ខែមីនាផងដែរ។
យ៉ាងណាយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី២០ ខែមីនា ដែលរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ក្នុងមន្ទីរសម្រាកព្យាបាល រហូតដល់បច្ចុប្បន្ននេះ បុគ្គលិកនៃមន្ទីរសម្រាកព្យាបាល និងអ្នកជំងឺ ដែលកំពុងធ្វើចត្ដាឡីស័កក្នុងមន្ទីរសម្រាកទាំងអស់ បានធ្វើតេស្ដចំនួន៣លើកមកហើយ ដែលលទ្ធផលសុទ្ធតែអវិជ្ជមានជំងឺកូវីដ១៩។
សេចក្ដីជូនដំណឹងខាងលើមិនបានបញ្ជាក់ពីចំនួននៃអ្នកដែលពាក់ព័ន្ធនោះទេ ។
បើតាមការបញ្ជាក់ពីមន្រ្តីសុខាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ អ្នកទាំងនោះសរុបចំនួន ១១៦នាក់។ យ៉ាងណាក៏ដោយ ពួកគេទាំងអស់ នឹងបន្តធ្វើតេស្ដលើកទី៤បន្ថែមទៀតនៅចុងសប្ដាហ៍នេះ ដើម្បីបញ្ជាក់ច្បាស់ថាគ្មានជំងឺកូវីដ១៩។
មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បានបញ្ជាក់ថាខ្លួន គ្រោងនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីការធ្វើតេស្ដលើកទី៤រួច។