header ads

Sponsor

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ 

បើតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា ៖តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»

ដោយឡែក ប្រការ២ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ទន្ទឹមនឹងនេះ នៅក្នុងប្រការ៣ នៃសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ លើកលែងតែចំពោះករណីដូចខាងក្រោម៖

- ការជួបជុំក្នុងចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
- ការរៀបចំពិធីបុណ្យសប ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
- ការជួបជុំរបស់បុគ្គលិកសិក្ខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
- ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post