ខេត្តកំពង់ចាម៖ បើតាមការអះអាងរបស់ប៉ូលិសប្រិត្តិកម្មរហ័សខេត្តកំពង់ចាម បានឲ្យដឹងថា ករណីមានការវាយកម្ទេចឡានរបស់អ្នកសារព័ត៌មាន បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅស្រុកជើងព្រៃប៉ូលិសខេត្តកំពង់ចាម អះអាងថា ជារឿងផ្ដើមចេញពីគ្រោះថ្នាក់ចរាចណ៍ មិនមែនជារឿងកាងវង់ល្បែងជលមាន់នោះទេ។

ប៉ូលិសប្រិត្តិកម្មរហ័ស ស្នងការខេត្តកំពង់ចាម បានបង្ហាញថា៖ថ្មីៗនេះ ក្រុមការងារពិនិត្យឃើញនៅលើបណ្ដាញសង្គមហ្វេប៊ុកមានការបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារព័ត៌មានពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សា កើតឡើងនៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងថែមទាំងចោទប្រកាន់មកលើមន្ត្រីនគរបាល បង់លុយ ៥០០ដុល្លារ ដើម្បីបញ្ចប់សំណុំរឿងហិង្សានៅទីតាំងជល់មាន់ទៀតផង។

ដើម្បីចៀសវាងមហាជន មានការភាន់ច្រឡំពាក់ព័ន្ធករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖


ទី១-កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងរថយន្តម៉ាក Lexus RX-300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2S-9688 បើកបរដោយឈ្មោះ នួន រឿន ភេទប្រុស អាយុ៣៣ឆ្នាំនិងម៉ូតូ១គ្រឿង ម៉ាកអឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លីម រ៉ាត់ ភេទប្រុសអាយុ២១ឆ្នាំ។ ហេតុការណ៍នោះបណ្តាលឲ្យភាគីខាងរថយន្តខូចខាតបែកកាងផ្នែកខាងមុខ រីឯភាគីខាងម៉ូតូបែកកាបាំង បែកម៉ាស៊ីន និងវៀចចង្កូត។ ភាគីខាងរថយន្តមានបំណងបើករថយន្តគេចចេញមិនទទួលខុសត្រូវ ខណៈនោះភាគីខាងម៉ូតូ បាននាំគ្នាដេញតាមពីក្រោយ និងឈានឈ្លោះប្រកែកគ្នាប្រព្រឹត្តអំពើហិង្សា ដោយភាគីខាងម៉ូតូយកដំបងវាយកញ្ចក់រថយន្តបណ្តាលឲ្យបែកផ្នែកខាងក្រោយ និងចំហៀងផ្នែកខាងឆ្វេងរថយន្ដ។

បន្ទាប់មកភាគីខាងរថយន្តបានមកប្តឹង នៅបញ្ជាការដ្ឋានរាជអាវុធហត្ថស្រុកជើងព្រៃ និងបានបន្តបញ្ជូនមកដោះស្រាយគ្នានៅផ្នែកជំនាញនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។ ការដោះស្រាយភាគីខាងរថយន្ត បានព្រមព្រៀងសម្របសម្រួល ទទួលយកលុយចំនួន៥០០ដុល្លារ ពីភាគីខាងម៉ូតូ និងយល់ព្រមជាលាយលក្ខណ៍អក្សរបញ្ចប់រឿងដោយពុំទាមទារលក្ខ័ណ្ឌអ្វីបន្ថែមទៀតឡើយ។

ទី២.ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងផ្អែកតាមរបាយរណ៍របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អំឡុងឆ្នាំង២០២០ នៅចំណុចក្នុងព្រៃចំការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន់ លួចលេងម្ដងម្កាល ហើយក៏ត្រូវបានសមត្ថកិច្ចចុះមកបង្រ្កាបជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ត្រនោះទៀតទេ។

ទី៣.ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមខាងលើ និងសូមចាត់ទុកថា គឺជាការផ្សព្វផ្សាយបំភ្លើសការពិត មិនគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន និងមានចេតនាមូលបង្កាច់បង្ខូចកិត្តិយសបុគ្គល លោកវរសេនីយ៍ទោ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងពិនិត្យទិដ្ឋភាពច្បាប់លើម្ចាស់គេហទំព័រ ព័ត៌មាន KNN និងគេហទំព័រសារព័ត៌មានផ្សេងទៀតដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតនេះ៕

Video:SRP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor