ភ្នំពេញៈ សមត្ថកិច្ចបានចាប់វាយខ្នោះស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួកចំនួនពីរនាក់ និងដកហូតថ្នាំញៀនចំនួនជិត ២គីឡូក្រាម កាលពីយប់ថ្ងៃទី៦ មេសា ២០២១ ម្សិលមិញនេះ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមីន ICE ជិត២គីឡូក្រាម មានដូចជាៈ ១. ឈ្មោះ អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ។
២. ឈ្មោះ ហុង គា អាយុ ៦១ឆ្នាំ។ ៣. ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ ២១ឆ្នាំ។ ការចាប់ខ្លួនមនុស្សទាំងបីនាក់នេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឈានដល់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺកម្លាំងជំនាញធ្វើឡើងតាមរយៈ ចុះអនុវត្តវិធានញុះញង់ ដោយដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬស្មើជិត ០២គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ប្រភពដដែលបានបន្តថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួកនិងមេក្លោងធំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕