(ខេត្តព្រះវិហារ)៖ មានការភ្ញាក់ផ្អើលមួយលើបណ្តាញសង្គមហ្វេស ប៊ុកដោយមានការចែកចាយរាប់ពាន់នាក់ករណីស្ត្រីខ្មែរម្នាក់ឈ្មោះកែវ ឧស្សាហ៍ ហៅស្រីការ រស់នៅខេត្តព្រះវិហារបានបង្ហោះសារសុំទោសបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅខេត្តព្រះវិហារដែលនាងបាននាំយកជំងឺកូវីដ-១៩ទៅក្នុងករណីវិជ្ជមានដំបូងដោយអចេតនា ពោលគឺនាងមិនបានដឹងខ្លួនថាមានផ្ទុកជំងឺនេះឡើយ ខណៈការតេស្តរកមេរោគដល់ទៅ៥ដងទើបចេញលទ្ធផលវិជ្ជមានបែបនេះ ។
ខាងក្រោមនេះជាសំណេរផ្ទាល់របស់នាងកែវ ឧស្សាហ៍នូវខ្លឹមសារដើមទាំងស្រុងដូចតទៅ៖ 

«ជាដំបូងនាងខ្ញុំកែវ ឧស្សាហ៍ (ស្រីកា) សុំទោសទុកជាមុនដល់បងប្អូនទីរួមខេត្តព្រះវិហារ ដែលជាករណីទី១ ក្នុងការមានផ្ទុកមេរោគកូវីដដោយខ្លួនឯងផ្ទាល់ក៏សឹងតែមិនជឿថាខ្លួនមានវិជ្ជមានដែល ព្រោះថាមុនហ្នឹងមកខេត្តហ្នឹង ខ្ញុំបានចត្តាឡីស័កនៅភ្នំពេញ ម្តងហើយ ហើយក៏បានពិនិត្យសំណាក និង ធ្វើតេស្ត៤ដងហើយ គឺអវិជ្ជមានរហូត។ ហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ហ្នឹង! ខ្ញុំបានពិនិត្យសុខភាព១តួរខ្លួន ទាំងក្នុងខ្លួននិងក្រៅខ្លួនរួចហើយលទ្ធផលគឺល្អ មុនហ្នឹងមកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ក៏ជាយប់ដែលខ្ញុំមកខេត្តដែល ខ្ញុំមកដល់គឺម៉ោង១យប់ (ខ្ញុំមកមុនគេបិតផ្លូវមិនមែនគេបិតផ្លូវហើយបានលួចមកទេ ) ។
 ពេលមកដល់ខ្ញុំនៅតែក្នុងផ្ទះទេមិនបានដើរទៅណាទេ រហូតដល់មកធ្វើចត្តាស័ក និងមកសម្រាកពេទ្យនេះ។ ហើយខ្លួនខ្ញុំក៏តែងតែងប្រយ័ត្ននិង ប្រកាន់ភ្ជាប់នៅ ៣កុំ ៣ការពាររហូត ព្រោះខ្លួនខ្ញុំក៏មានគ្រួសារ និង កូនតូចៗ ខ្ញុំមិនបានយកអាយុជីវិតពួកគាត់មកលេងសើចទេ យប់មិញពេលឡានពេទ្យទៅយកពួកគាត់មកធ្វើចត្តាឡីស័ក ដល់មកដល់ពួកគាត់ចុះ ខ្ញុំត្រូវឡើងឡានមកសម្រាកនៅមន្ទីរពេទ្យវិញ អាចមើលឃើញមុខពួកគាត់មិនបាន២នាទីផង ពេលឡើងឡានគ្រាន់តែកូនយំហៅម៉ាក់ ម៉ាក់ ម៉ាក់អើយ ម៉ាក់  អារម្មណ៍ខ្ញុំផ្ទាល់ សឹងតែផុតដង្ហើម អ្នកជាម្តាយហើយ មានកូនតូចៗទើបយល់អារម្មណ៍ហ្នឹង មិនមែនខ្ញុំមានបំនងចង់អោយកើតឡើងនោះទេ ព្រោះថាខ្ញុំតែងតែគិតសុខសុវត្ថិភាពពួកគាត់ជាធំ ខ្លាចណាស់ ប្រយ័ត្នណាស់ វានៅតែកើតបានមកលើខ្ញុំទៀត ខ្ញុំធ្វើតេស្តជាលើកនេះជាលើកទី៥ហើយ ទើបតែឃើញថាវិជ្ជមាន ម្យ៉ាងវិញទៀត ខ្ញុំផ្ទាល់ក៏មិនមានអាការះណាមួយ ដែលគួរអោយសង្ស័យ រឺកត់សម្គាល់ថាខ្លួនឯងឆ្លងមេរោគមួយនេះទេ ព្រោះ អាការះដែលគួរអោយបារម្មណ៍ ខ្ញុំគ្មានទេ៖ ១.កំដៅពេទ្យតាមដានតាំងពីខ្ញុំមកធ្វើចត្តាឡាស័ក រហូតមកដល់ខ្ញុំសម្រាកនៅពេទ្យបង្អែកគឺ 36.5 °c រហូត ២. អាការះក្អក ហៀរសំបោរ ឈឺករ ក្តៅខ្លួន អស់កំលាំង ល្ហិតល្ហៃ ក៏គ្មាន ៣.ញាំបានធម្មតា ៤. គេងបានធម្មតា ៥. និយាយរួមឥលូវហ្នឹងខ្ញុំក៏ធម្មតានៅក្នុងខ្លួនខ្ញុំក៏គ្មានអ្វីប្លែក រឺ ធ្វើទុក្ខអីដែល ក៏ប៉ុន្តែខ្ញុំនៅតែបន្តសហការជាមួយក្រុមគ្រូពេទ្យ ធ្វើតាមណែនាំរបស់ក្រុមគ្រូពេទ្យ ជានិច្ច ខ្ញុំនិងតស៊ូ យកឈ្នះ ជំងឺមួយនេះអោយបាន ដើម្បីកុំអោយខេត្តយើងរាលដាលជំងឺនេះ។ចុងក្រោយខ្ញុំក៏សុំអរគុណដល់ក្រុគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ តាមដាន ពីសុខភាពអ្នកគ្រប់គ្នា ហើយខ្ញុំក៏សុំអោយអ្នកនៅតែថែរក្សាអនាម័យ ព្រោះជំងឺមួយនេះយើងមើលវាមិនឃើញទេ សូមបារមីលោកតាឌីថែរក្សាកូនចៅនៅខេត្តជៀសផុតជំងឺមួយនេះផងចុះ សូមអោយអ្នកគ្រប់គ្នាមានសុខភាពល្អ!



ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor