មន្ត្រីនគរបាលមួយរូប ដែលបានដឹកប្រពន្ធចេញចូលនៅតំបន់បិទខ្ទប់ដែល រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ហើយត្រូវបានប្រជាពលរដ្ឋបង្ហោះពេញហ្វេប៊ុកនោះ ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យា និងដាក់ពិន័យទៅតាមរដ្ឋបាលហើយ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ។
បើយោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមធ្វើការបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញការបង្ហោះព័ត៌មានពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូបដែលបានដឹកប្រពន្ធចេញ.ចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខ័ណ្ឌសែនសុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។
បន្ទាប់ពីធ្វេីការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វេីការព្រមានអំពីទង្វើខុសឆ្គងនេះ បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញ ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន ។
ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យនឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ ជាថ្មីម្តងទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មានដែលជាចំណែកមួយមិនអាចខ្វះបានដើម្បីកែលម្អ និងចូលរួមគ្នាដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕