(ខេត្តតាកែវ)៖  យុវជន៤នាក់ជួបជុំផឹកស៊ី ល្មើសបម្រាមជួបជុំគ្នាស៊ីផឹកចាក់បាស់រាំនៅស្រុកសំរោង ត្រូវបានចៅក្រមសាលាដំបូងខេត្តតាកែវ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យ១លានរៀលក្នុងម្នាក់ៗ នារសៀលថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១នេះ។

ការអនុវត្តន៍នេះក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។


យុវជនទាំង៤ ត្រូវបាអាជ្ញាធរចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួបជុំផឹកស៊ីក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាស ហាមឃាត់មិនឲ្យមានការជួបជុំលើសពី២នាក់ និងរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដើម្បីបញ្ជៀសការចម្លងជំងឺកូវីដ-១៩ទៅកាន់សហគមន៍ដទៃទៀតដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់។

ទោះយ៉ាងណា ការកាត់ទោសយុវជនទាំង៤នាក់នេះ មានការសាទរពីបងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានជាមួយ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ ព្រោះយុវជនមួយក្រុមនេះ មិនគោរពវិធានការរដ្ឋបាលធ្វើខ្លួនក្រៅសង្គម មិនស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានដែលបានចុះអប់រំផ្សព្វផ្សាយអ្នកភូមិដទៃទៀត នាំគ្នាគោរពអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

 ប្រភពព័ត៌មាន៖ វណ្ណាតាកែវ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor