(ព្រៃវែង)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ បន្ទាប់ពីពួកគេបានល្មើសបំរាមរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយ ហើយអ្នកជំងឺកូវីដនេះបានវិលត្រឡប់ពីរាជធានីភ្នំពេញ ចំនួន៣នាក់ និងខេត្តព្រះសីហនុម្នាក់។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា៖ «អ្នកល្មើសបំរាមបានដាក់ឱ្យធ្វើចត្តាឡីស័ក និងបានយកសំណាកជាលទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ បន្ថែមទៀត គឺមកពីភ្នំពេញចំនួន៣នាក់ និងខេត្តព្រះសីហនុម្នាក់។ អ្នកទាំង៤នាក់នេះ ត្រូវមន្ត្រីនគរបាលយុត្តិធម៌ ស្រុកកំពុងតែបន្តនីតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ»។
ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ពីតំបន់ផ្សេងនេះ អភិបាលខេត្តព្រៃវែង បានស្នើសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ ជាពិសេសចំំពោះអ្នកដែលមានសាច់ញាតិធ្វើការនៅរាជធានី-ខេត្ត-ក្រុងផ្សេងៗ ក៏ដូចជា ចំណាកស្រុកនៅប្រទេសថៃជាដើម សូមប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ដែលល្មើសបំរាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីឱ្យសមត្ថកិច្ចអន្តរាគមន៍ចាត់ការតាមវិធានការច្បាប់ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌទៀតផង។