ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ក្នុងរយ:ពេលនៃការអនុវត្តវិធានការបិទខ្ទប់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១មក សង្កេតឃេីញថាមានប្រជាពលរដ្ឋជាច្រើនបានចូលរួមសហការ និងអនុវត្តតាមវិធានការនេះ ។
ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់៧ថ្ងៃទៀតរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ហេីយសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា៣តំបន់ផ្សេងគ្នា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ។
ទោះជាយ៉ាងណានៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលមិនចូលរួមសហការ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ស្របពេលដែលពលរដ្ឋភាគច្រេីនបានចូលរួមសហការ និងគោរពបានយ៉ាងល្អតាមការណែនាំ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕
សូមបញ្ជាក់ថាទាំងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចេញល្បាតជាប្រចាំ ២៤ម៉/២៤ម៉ ទាំងតាមផ្លូវធំ និងផ្លូវតូច ៕