ឯកឧត្ដម គួច ចំរើន អភិបាល ស្នើ អភិបាលខេត្តសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសចំនួន១៤នាក់ ក្នុងនោះមានវិជ្ជមាន ចំនួន០៨នាក់ ដែលបានគេចវេះចេញពីតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុធ្វើដំណើរមកខេត្តសៀមរាប។
តាមរយៈលិខិតផ្ញើជូន ឯកឧត្ដម អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភានេះ ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ឯកឧត្ដម គួច ចំរើន បានបន្តថា ប៉ុន្តែក្នុងកំឡុងពេលបិទខ្ទប់នេះរដ្ឋបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថាមានបុគ្គលចំនួន១៤នាក់ ស្រីចំនួន ០៥នាក់ ក្នុងនោះមានវិជ្ជមានចំនួន ០៨នាក់ បានលួចគេចវេះចេញពីតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តសៀមរាបទៅវិញ។
ឯកឧត្ដម បានបន្តទៀតថា៖ “ទង្វើរបស់បុគ្គលទាំង ១៤នាក់ ខាងលើនេះគឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការតាមច្បាប់ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរឹងបំផុត”។