ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តមួយចំនួននេះ បញ្ហាអគ្គិសនីក៏កំពុងជាប្រធានបទក្ដៅផងដែរ រហូតដល់លោក អ៊ូរ វីរៈ បានស្នើថា «សភាជាតិ តាមរយៈរដ្ឋាភិបាល គួរត្រួតពិនិត្យសេវាកម្មសាធារណៈចាំបាច់និងផ្តាច់មុខ ដូចអគ្គិសនីនិងទឹក ជាពិសេសនៅក្នុងស្ថានភាពអាសន្ន។»។
មិនបានប៉ុន្មានម៉ោងផង ស្រាប់តែគណនីមួយដែលមានឈ្មោះថា Sokyet Soung បានលើកឡើងជាការឆ្លើយតបទៅលោក អ៊ូរ វីរៈថា៖
« បើបណ្ឌិតស្នើដល់សភាទៅហើយ ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមស្នើដល់លោកបណ្ឌិត ជួយពន្យល់និងផ្តល់សារណែនាំដល់ប្រជាពលរដ្ឋមួយចំនួន ដែល "ដេកផ្សំដួលរមួលផ្សំគ្រេច" នៅក្នុងស្ថានភាពប្រទេសមានអាសន្នផង។
បើអាចជួយអោយពួកគាត់បានដឹងអំពីសារៈសំខាន់នៅពេលដែលគាត់បានបំពេញកាតាព្វកិច្ចគាត់រួចរាល់ ទាន់ពេលវេលា នោះរដ្ឋាភិបាលប្រាកដជាអាចមានភាពកាន់តែងាយស្រួលក្នុងការត្រួតពិនិត្យសេវាកម្មសាធារណៈ និងចេញវិធានការនានាជួយជនរងគ្រោះពិតប្រាកដបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។
♦️ប្រភេទអតិថិជនដែលទិញម៉្សៅ ទិញឡេ ខោអាវ ឬទិញមាសធ្វេីតាមអនឡាញបាន បង់ភ្លេីងតាមអនឡាញមិនបាន។
♦️ទិញទំនិញគេវេរលុយអោយមុន ទទួលឥវ៉ាន់តាមក្រោយបាន
ដល់ប្រេីភ្លេីងមុន បង់លុយតាមក្រោយមិនបាន។
♦️ទិញឥវ៉ាន់មកដល់ផ្ទះ ស្រូតបេីកភ្លេីងអោយភ្លឺ ថែមអំពូល LED អោយចាំង ដេីម្បីតុបតែងរួចថតផុស ថត Live។ ប្រេីភ្លេីងអស់ចិត្តអស់ចង់ ដល់ពេលគេទារលុយតាមក្រោយ ស្រាប់តែឡាំប៉ា អត់ព្រមបង់នៅថែមតវ៉ាថានៅតែផ្ទះគ្មានចំណូល ត្រូវលេីកលែងថ្លៃប្រេីភ្លេីងអោយផង។
♦️ប្រភេទមនុស្សមួយក្រុមទៀត មានលុយទិញស្រាផឹករាល់ថ្ងៃ ហេីយបេីកភ្លេីងបំភ្លឺជួបជុំ មានទាំងបាស់តន្ត្រីច្រៀងកំសាន្ត តែដល់ខែបង់ភ្លេីង ក៏ត្អូញត្អែររអ៊ូភ្លេីងកេីន ផុសតាមបណ្ដាញសង្គម...
♦️ពេលគេបង្ហាញវិធីបង់ភ្លេីងអោយស្រួល កុំអោយពិបាកចេញក្រៅនាំអោយឆ្លងកូវីដ ស្រាប់តែចោទថាគេមានចេតនាមិនល្អ។ អ្នកណាមានចេតនាមិនល្អអោយប្រាកដ?
♦️ជាក់ស្តែងមិនមែនអ្នកដែលគ្មានលទ្ធភាពពិតមកតវ៉ាទេ ក៏មិនមែនគាត់មិនយល់ការបកស្រាយទាំងឡាយដែរ ព្រោះគាត់ដឹងថាចង់មានបាយហូបត្រូវការស្រូវ អង្ករ ក៏ត្រូវមានអ្នកធ្វេីស្រែដែរ។ ណាស់តែអ្នកដែលមានលទ្ធភាពតែមានចេតនាគេចវេស បន្លំមិនព្រមទទួលការពិតហ្នឹងឯង! មកស្រែកក្តែងៗ តវ៉ា អត់បង់លុយភ្លេីង។
♦️ត្បិតតែអគ្គិសនីកម្ពុជាជាក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែលត្រូវទទួលខុសត្រូវនូវរាល់ចំណូល ចំណាយ និងគ្រប់គ្រងបំណុលដោយខ្លួនឯង។
♦️ ការលក់ថាមពលជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ចរន្ត ឬដាច់តែរយៈពេលខ្លីជាដើម ហើយយកចំណូលលក់ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញថាមពលពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រងផលិត ចំណាយលើការវិនិយោគបណ្តាញផ្គត់ផ្គង់ ចំណាយលើការថែទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើសម្ភារៈបរិក្ខារសម្រាប់ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើកំលាំងពលកម្ម ដើម្បីធានាថាគ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់និងថ្លៃសមរម្យ។
♦️ការលក់ថាមពលរបស់អគ្គិសនីកម្ពុជានេះគឺលក់ជូនប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់តាមក្រោយ មិនដូចគ្នានឹងការផលិតផ្គត់ផ្គង់ ដែលអគ្គិសនីកម្ពុជាត្រូវចំណាយទិញប្រេង ទិញសម្ភារៈ និងចំណាយផ្សេងៗជាមុន ទើបអាចផលិតថាមពលលក់តាមក្រោយទេ។ ដូចនេះបើអគ្គិសនីកម្ពុជាពុំអាចប្រមូលប្រាក់បានគ្រប់គ្រាន់ទាន់ពេលវេលាទេ តើអគ្គិសនីកម្ពុជាបន្តផ្គត់ផ្គង់ថាមពលជូនអតិថិជនមាននិរន្តរភាពម៉េចនឹងបាន?
♦️នៅតំបន់ Lockdown មិនមែនសុទ្ធតែជាពលរដ្ឋក្រីក្រទាំងអស់ឡើយ ប្រាកដជាមានប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពខុសៗគ្នា ដូចនេះទម្លាប់នៃការរស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់អគ្គិសនី រយៈពេលនៃការប្រើប្រាស់ថាមពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ថាមពលអគ្គិសនី មិនដូចគ្នាទេ។
អគ្គិសនីកម្ពុជាបានចេញវិធានការជួយពលរដ្ឋក្រីក្រពិតប្រាកដជាច្រើនមកហើយ នឹងបន្ថែមទៀតនៅពេល Lockdown នេះ មានដូចជា៖
♦️កាបញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដជាប្រើប្រាស់តិចអាចប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជាទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់មានទម្លាប់សន្សំសំចៃ ប្រាកដជាប្រើប្រាស់អស់កាន់តែតិចជាងនេះទៀត។
♦️ការពន្យាពេលបង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជាបង់ប្រាក់យឺតក៏មិនដាច់ចរន្តនៅតំបន់បិទខ្ទប់
♦️និងការដោះស្រាយអោយមានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថានៅតែមានថាមពលប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនីរងហានិភ័យ ក៏ត្រូវទៅបំពេញកាតាព្វកិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរភាពផ្គត់ផ្គង់នៅតំបន់បិទខ្ទប់ដែរ ហើយសេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។
♦️ប្រជាពលរដ្ឋអាចនៅក្នុងផ្ទះដោយមិនបារម្ភគ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេលវេលាមែន ប៉ុន្តែ តើព្រោះតែបែបនេះក៏បណ្តោយអោយការប្រើប្រាស់ថាមពលហួសហេតុ រហូតខ្លាចរអារនឹងចំណាយប្រាក់មែនទេ?
♦️ក្នុងនាមលោកអ្នកដែលជាបុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយកពេលវេលានេះជួយបន្តអប់រំដល់អ្នកដែលមិនសូវយល់ដឹង ឬអ្នកដែលខ្វះខាតព័ត៌មាន ដើម្បីអោយពួកគាត់បានដឹង និងចូលរួមសហការដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទម្លាប់រស់នៅរបស់គាត់ ដោយសន្សំសំចៃជាងមុន ជាជាងដុតអោយខ្លោច រោចអោយឆៅ។
♦️សូមចូលរួមទាំងអស់គ្នានិងសូមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពលរបស់អ្នក ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសជាតិយើង។ »
ជាមួយគ្នានេះដែរ គណនីខាងលើក៏បានលើកឡើងបន្ថែមទៀតថា៖
មានគ្រួសារខ្លះ ដោយសារតែកូនមានទម្លាប់សុំលុយឪពុកម្តាយ ទោះជាពេញវ័យ មានគ្រួសារ មានកូន ដល់ចៅហេីយក្តី ទោះជាមានជីវភាពសមរម្យក្តី ក៏មិនបោះបង់ចេតនាសុំលុយ សុំកេរ្តិ៍មរតក សុំការអាណិតពីឪពុកម្តាយដែរ។ បេីក្នុងចំណោមបងប្អូនធូរធារទាំងអស់ ដុនដាបតែម្នាក់ ក៏អ្នកធូរធារទាំងនោះច្រណែន តម្អូញតំអែរដាក់ឪពុកម្តាយ ដល់ប្តឹងផ្តល់ក៏មាន បេីដឹងថាឪពុកម្តាយជួយកូនក្រីក្រ។ ឯព្រោះតែចង់បានទ្រព្យឪពុកម្តាយដូចកូនក្រីក្រដែរ ក៏កូនធូរធារខ្លះបន្លំខ្លួនជាក្រ។ ពិបាកណាស់ ទម្លាប់នេះវាមានយូរពេក ចាក់ជ្រៅទៅហេីយ!