ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើ បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង បានរឹបអូសឈើ
ដែលគេសង្ស័យថាមានចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែងដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ កំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។
ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន សាធារណជនជ្រាបថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែល បានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែងជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ
ទៅក្រៅប្រទេស ឬហុងកុងនោះទេ។
ដូចនេះក្នុងករណីព័ត៌មានដែលគយ ហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា
ជាការពិតមែននោះ គឺជាករណីនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងយកចិត្តទុកដាក់ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាន់មេត្តាជ្រាបជាព័ត៌មាន។