ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ក្រុមអ្នកលេងបាល់ទះចំនួន០៩នាក់ ក្នុងនោះមានស្រីម្នាក់ ផាកពិន័យក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកចំនួន២លានរៀល ។
ប្រតិបត្តិការចាប់អ្នកលេងបាល់ទះ ផាកពិន័យនេះបានធ្វើឡើង នៅតំបន់លឿង ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
មូលហេតុនៃការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ខាងលើ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា៖ មានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែងស៊ីសងបាល់ទះភ្នាល់គ្នា ដាក់លុយ!។
ដែលល្មើសនិងការណែនាំរបស់ក្រសួងសុខាភិបាល មិនឲ្យមានការប្រមូលផ្តុំគ្នានិងបំពានវិធានការ ៣កុំ និង៣ការពារ។ ទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាល ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ ចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែង៖ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ បញ្ជូនទៅកាន់សាលាខណ្ឌទួលគោក។ អប់រំ ផាកពិន័យក្នុងម្នាក់ៗ២០ម៉ឺនរៀល រីឯម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកពិន័យចំនួន២លានរៀលផងដែរ៕