ខេត្តបាត់ដំបង:នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក ដឹកនាំដោយលោកអនុសេនីយ៍ទោ មួន-លន (នាយរងប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាកង អនុសេនាធំទី៣,វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន-សុឃឿន (មេបញ្ជាការ គ) បានជួបពិភាក្សាជាមួយភាគីយោធាថៃកងអនុសេនាធំលេខ១៣០៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិស៊ីត-ប៉ាក់រ៉ាក់វ៉ាត់ស៊ុកស៊ីន (មេបញ្ជាការ) នៅវេលាម៉ោង ៩:០០នាទីព្រឹក។
ក្នុងកិច្ចជួបពិភាក្សានេះខាងភាគីថៃសំណូមពរសុំឲ្យកម្លាំងយើងជួយទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជាកុំឲ្យចូលលួចជីករ៉ែមាសនិងកាប់ឈើក្នុងទឹកដីរបស់គេទៀត។
កម្លាំងយើងសំណូមពរទៅខាងភាគីថៃបើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាសូមឲ្យភាគីថៃផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង។ ភាគីទាំងពីរបានឯកភាពលើសំណូមពរទាំង២។ កិច្ចជំនួបពិភាក្សានេះធ្វើឡើងនៅមាត់អូរព្រំដែនត្រង់ចំណុច ភូមិសាស្ត្រភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ចប់នៅវេលាម៉ោង៩:៤០ នាទីនាថ្ងៃខែឆ្នាំដដែលដោយភាពស្និតស្នាលបំផុត ។
ប្រភព ៖ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង