ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប និងបានឃាត់ខ្លួន មនុស្សប្រុស-ស្រីជាង៦០នាក់ ដោយពាក់ព័ន្ធកករណី ជួបជុំ ផឹកស៊ី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាការជួបជុំខាងលើនេះគឺល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប មិនតែប៉ុណ្ណោះរកឃើញមានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀត ។
កម្លាំងសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងបាននាំខ្លួនជនសង្ស័យខាងលើបញ្ចូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕