រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទការធ្វើដំណើរចេញ-ចូលឃុំស្រែអំបិល ឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ នៃស្រុកស្រែអំបិល ជាបណ្ដោះអាសន្ន ព្រោះកំពុងមានការរីករាលជំងឺកូវីដ-១៩។
ដោយក្នុងនោះភូមិសាស្រ្តមានដូចខាងក្រោម៖
- បិទភូមិខ្ពុង ភូមិវាលជើង ភូមិវាលត្បូង ភូមិត្រពាំង និងភូមិត្រៀក នៃឃុំស្រែអំបិល ស្រុកស្រែអំបិល
- បិទភូមិ សារ៉ាយ នៃឃុំជ្រោយស្វាយ ស្រុកស្រែអំបិល
- បិទភូមិ សាលាម្ខាង នៃឃុំបឹងព្រាវ ស្រុកស្រែអំបិល
ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១" ចាប់ពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
គោលបំណងក្នុងការបិទការចេញ-ចូលជាបណ្តោះអាសន្ននេះ គឺ ដើម្បីធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រភូមិទាំង០៧ខាងលើ និងដើម្បីទប់ស្កាត់ ជំងឺនេះកុំឱ្យមានការឆ្លងរីករាលដាលបន្តទៅតំបន់ផ្សេងៗទៀត ក្រោយពីបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានចំនួនសរុប ២៣នាក់ ស្រី១៦នាក់។
ក្នុងអំឡុងពេលនៃផ្អាកជាបណ្តោះអាសន្ន ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ដូចដែលមានចែង ក្នុងប្រការ១ខាងលើ រដ្ឋបាលស្រុកស្រែអំបិល និងក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត ត្រូវសហការគ្នាដើម្បីអនុវត្តភារកិច្ចដូចខាងក្រោម៖
- ហ៊ុមព័ទ្ធទីតាំងដែលមានអ្នកវិជ្ជមានកូវីដ-១៩ ស្នាក់នៅ និងផ្អាកការធ្វើដំណើរ ចេញ-ចូល ជាបណ្តោះអាសន្នក្នុងទីតាំងដែលបានហ៊ុមព័ទ្ធ
- ផ្សព្វផ្សាយស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីយកសំណាកមកវិភាគរក មេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក
- ពង្រឹងការត្រួតពិនិត្យច្រកចេញ-ចូលនានា ក្នុងភូមិសាស្ត្រឃុំស្រែអំបិល ឱ្យបានហ្មត់ចត់
- ការដឹកទំនិញចេញ-ចូល និងការប្រកបមុខរបរ ឬអាជីវកម្ម របស់អាជីករនៅក្នុងផ្សារស្រែ អំបិល អនុញ្ញាតឱ្យដំណើរការជាធម្មតា ប៉ុន្តែត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល
ក្នុងនោះផងដែរ ត្រូវអនុវត្តការផាកពិន័យជាអន្តរការណ៍ចំពោះបុគ្គលណាដែលមិនចូលរួម / និងមានចេតនា មិនគោរពតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកោះកុង ដោយមិន រាប់បញ្ចូលបទល្មើសព្រហ្មទណ្ឌដទៃទៀត។