header ads

Sponsor

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចសហការគ្នាឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកថា មានអ្នកកើត​ជំងឺ​កូវីដ.១៩ តាម​កាស៊ីណូធំៗ និងតាមល្បែងអនឡាយច្រើនណាស់ក្នុងក្រុងប៉ោយប៉ែត អ្នកកើត​ជំងឺ​កូវីដ.១៩ គេ​ដាក់​​មួយដុំ អ្នក​មិនកើត​ដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពេទ្យស៊ីលុយខាងក្រៅទៀតផង។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្រោយពីផ្សាយព័ត៍មានចេញភ្លាមលោកបានបញ្ជាឲ្យលោកវរសេនីយ៌ឯកគង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានយុវជនម្នាក់ឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ថាការសរសេរនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រូពេទ្យ នគរបាលនិងទាហានដែលកំពុងប្រតិបត្តិការបង្ការជំងឺកូវីដ.១៩ យ៉ាងខ្លាំង។


ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អ្នកយកព័ត៍មានបន្ត​ថា​ ក្រោយពីកំលាំងជំនាញឃាត់ខ្លួនឈ្មោះ ឈុន សុខហេងបានហើយ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីយកមកធ្វើការអប់រំណែនាំឲ្យបញ្ឈប់រាល់សកម្មភាពនេះតទៅទៀត បើមានលើក​ទី​២​ទៀត នឹង​បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ហើយ៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post