ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១៨តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខណ្ឌដង្កោផងដែរ។ សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។
អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុលគឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន។
ជាមួយគ្នានោះ សូមអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តជាវអាល់កុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។ ក្នុងករណីមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231 856 / 092 830 856 ផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានក.ប.ប. www.facebook.com/ccfkh/ ឬតាមរយៈគេហទំព័រ www.ccfdg.gov.kh/។