header ads

Sponsor

លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពរបស់លោក បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីឲ្យមន្ទីរសង្គមកិច្ចធ្វើការកំណត់អត្តសញ្ញាណបន្ត ព្រមទាំងធ្វើការស្ថារនីតិសម្បទា និងធ្វើសមាហរណកម្មទៅសហគមន៍វិញ។

លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានស្រ្តីទាំង០៥នាក់ ពីស្នងការដ្ឋាននគរបាលខេត្ត និងក្រោយពីការបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃមក មន្ទីរបានធ្វើការសម្ភាសន៍កំណត់អត្តសញ្ញាណ ដោយក្នុងនោះបានធ្វើការសមាហរណកម្មត្រឡប់ទៅសហគមន៍វិញនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០៤នាក់ ដែលក្នុងម្នាក់ៗ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការកុមារមេត្រីអន្តរជាតិ ចំនួន ២០ដុល្លារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រឺឯអនីតិជន អាយុ១៧ឆ្នាំ ចំនួន០១នាក់នោះ ត្រូវបានមន្ទីរបញ្ជូនទៅស្នាក់នៅមណ្ឌលអង្គការកុមារមេត្រីអន្តរជាតិនៅរាជធានីភ្នំពេញ ដើម្បីធ្វើការស្តារនីតិសម្បទា តាមរយៈការរៀនជំនាញវិជ្ជាជីវៈ ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញឱ្យមានការស៊ើបអង្កេតនៅទីតាំងកន្លែងម៉ាស្សាមួយ ឈ្មោះ សាលីណេរេស៊ីដិន៍ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានថៅកែឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជានជាតិវៀតណាម ដឹកនាំលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ។
យោងតាមចំណារឯកភាពលើរបាយការណ៍អង្កេតបឋម និងសុំគោលការណ៍បង្ក្រាបជាក់ស្តែង របស់ឯកឧត្តមព្រះរាជអាជ្ញា ក្រុមការងារចម្រុះខេត្តសៀមរាប ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត , លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត , លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត , លោកមេភូមិស្វាយដង្គំ និង លោកមេប៉ុស្តិ៍រងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ បានចុះប្រតិបត្តិការបង្ក្រាបនៅទីតាំងកន្លែងម៉ាស្សា ដោយប្រមូលបានស្រ្តីរកស៊ីផ្លូវភេទ ចំនួន ០៥នាក់ ក្នុងនោះជាអនីតិជនអាយុ១៧ឆ្នាំ ចំនួន ០១នាក់ ជាជនជាតិខ្មែរ ដោយដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ រីឯជនសង្ស័យសមត្ថកិច្ចបានយកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ និងបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
អត្ថបទ និង រូបថត ៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post