(ខេត្តស្វាយរៀង)៖ ការចុះបង្ក្រាបនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងបញ្ជាការឯកភាពស្រុកស្វាយទាប ដែលមានលោកអភិបាលស្រុក កម្លាំងអធិការនគបាលស្រុក ប៉ុស្ត៍រដ្ឋបាលឃុំ កងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបហាងខារ៉ាអូខេ មួយកន្លែង យីហោ "ម៉ាយហ្វេវ័ររីត" ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចឃាត់ខ្លួនបាន មេកាខារ៉ាអូខេ និងស្ត្រីបម្រើការងារក្នុងហាងចំនួន១៧នាក់ ដើម្បីយកវិភាគសំណាក និងធ្វើចត្តាឡីសក័នៅក្នុងហាងចំនួន១៤ថ្ងៃ ចំណែកភ្ញៀវ ចំនួន១០នាក់ទៀត ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។

ទាក់ទិនករណីនេះដែរ លោកអភិបាលស្រុកស្វាយទាប បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានអោយដឹងថា: ដោយហាងខារ៉ាអូខេ យីហោ «ម៉ាយហ្វេវ័ររីត» បើកធ្វើអាជីវកម្ម ទទួលភ្ញៀវឲ្យចូលផឹកស៊ី អង្គុយកកកុញទើបមានការបង្ក្រាប ក៏ប៉ុន្តែអត់បិទអាជីវកម្មទេ ហើយក៏អត់ផាកពិន័យដែរ គ្រាន់តែឃាត់អប់រំ ហើយឲ្យធ្វើអាជីវកម្មធម្មតា ដោយលក់វិចខ្ចប់ មិនអនុញ្ញាតិឲ្យទទួលភ្ញៀវចូលស៊ីផឹកក្នុងហាងទៀតទេ។

ចំពោះអ្នកបម្រើការងារក្នុងហាងចំនួន១៧នាក់ បានឲ្យធ្វើចត្តាឡីសក័ នៅហ្នឹងកន្លែងក្នុងហាងចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលយកវិភាគសំណាកធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទៅសហគមន៍ និងដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាលនិងអានុសាសន៍របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

លោកអភិបាលស្រុកស្វាយទាប បានបន្តទៀតថា បើបិទអាជីវកម្មទៅធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកបម្រើការងារក្នុងហាងនេះ ទើបអាជ្ញាធរមិនឲ្យបិទហាង ដោយឲ្យលក់វិខ្ចប់ ហើយនៅយប់កើតហេតុគឺមានភ្ញៀវចូលផឹកស៊ីក្នុងហាងនិងក៏មានអ្នកមកទិញវិចខ្ចប់ដែរ ដូច្នេះទើបគ្រាន់តែឃាត់អប់រំ។

ចំណែកសមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា: ហាងខារ៉ាអូរខេយីហោ "ម៉ាយហ្វេវ័ររីត" នេះផ្គើនសមត្ថកិច្ច គឺសមត្ថកិច្ចធ្លាប់បានចុះទៅអប់រំ ចំនួន២លើករួចមកហើយ មិនឲ្យទទួលភ្ញៀវ ចូលផឹកស៊ីក្នុងហាង និងមាននាងៗ កំដរ ក៏ប៉ុន្តែម្ចាស់ហាងមិនព្រមស្តាប់នៅតែផ្គើន។

រឿងរ៉ាវនេះធ្វើឲ្យមហាជន ក៏ដូចប្រជាពលរដ្ឋដែលរស់នៅក្បែរហាងនោះ រិះគន់រដ្ឋបាលស្រុកស្វាយទាបចំៗថា គួរតែបង្ក្រាបហើយផាកពិន័យ កុំបើកដៃឲ្យប្រព្រឹទ្ធល្មើស ដែលបម្រាមរបស់ក្រសួងទេសចរណ៍ ជម្រាបជូន លោកជំទាវ ឯកឧត្តមបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្មKTV ក្លឹបកំសាន្ត(ខារ៉ាអូខេ រង្គសាលឌីស្កូតែក និងបៀរហ្កាឌិន) និងការត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ក៏ប៉ុន្តែហាងខារ៉ាអូខេ ខាងលើមិនគោរព ហ៊ានបើកអាជីវកម្ម ទទួលភ្ញៀវចូលផឹកស៊ី គគ្រឹកគគ្រេង ប្រឆាំងប្រសាស្តន៍សម្តេចតេជោ មិនឲ្យប្រមូលផ្តុំផឹកស៊ី ត្រូវរក្សាគម្លាត «៣កុំ ៣ការពារ »៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor