ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើឱ្យអាជីវករបញ្ឈប់ជាបន្ទាន់ ការយកមេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ ដែល បង្កឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពអ្នកប្រើប្រាស់ និងឈានទៅដល់ការបាត់បង់ ជីវិត។
ថ្លែងក្នុងសារព័ត៌មានពាក់ ព័ន្ធករណីបង្ក្រាបអាល់កុលក្លែងក្លាយ នៅក្រសួងមហាផៃ្ទ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយបានឱ្យដឹងថា នាពេលបច្នុប្បន្ននេះ មានជនឆ្លៀត ឱកាសមួយចំនួន បានបន្លំ យកសារធាតុមេតាណុល មកលក់ជូនពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ កំពុងបាននាំចូល ស្ដុកទុក និងចែកចាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធ ភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការស្រូបចូល ជ្រាប ចូលតាមស្បែក ឬការលេបចូល មានដូចជា រលាកស្បែក រលាកភ្នែក ងងុយដេក បាត់ស្មារតី ឈឺក្បាល វិលមុខ ធីងធោង ឈឺពោះ រំខានដល់ការរំលាយអាហារ ពិបាកដកដង្ហើម ស្រវាំងភ្នែក ឬងងឹតភ្នែក ក្អួតបែកពពុះមាត់ ឬកួតធ្លាក់ឈាម ធ្វើឱ្យខូចក្រលៀន បញ្ហាបេះដូង និងចរន្តឈាម ខូចថ្លើម ខូចប្រពន្ធ័សរសៃប្រសាទ និងខួរក្បាល បាត់បង់ស្មារតី ឬសន្លប់ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យបាត់បង់ជីវិត។ ដូចនេះ ឯកឧត្តមបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្រ្កាបឱ្យបាននូវទីតាំងដែលកំពុងចរាចរផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាពបន្ថែមទៀត គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឱ្យទទួល ខុសត្រូវតាមផ្លូវច្បាប់។
គឺយើងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិ បាល ជាពិសេសសម្ដេចតេជោ ដែលបានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យសមត្ថកិច្ចបង្កើនកិច្ចប្រឹងប្រែង បង្កើនប្រតិបត្តិការ ធ្វើយ៉ាងណាបង្ក្រាបក្រុមដែលឆក់ឱកាសនេះ ដែលយើងកំពុងតែវីវក់ក្នុងវិបត្តិកូវីដ ១៩ផង បែរជាដាក់សារធាតុអីផ្ដេសផ្ដាស មកលក់ឱ្យយើងយកលុយ ហើយយើងខំប្រឹងលាងដៃថាវាស្អាតហើយ មេរោគងាប់ហើយ ទៅជួបប្រពន្ធកូន ទៅធ្វើការកន្លែងផ្សេងៗបែរជាមិនងាប់មេរោគ ហើយបែរជាមេរោគនៅជាប់ដៃជាប់ជើងគ្រប់ទិស គ្រប់ទីកន្លែង។ ហើយពេលខ្លះមិនត្រឹមតែលាងតែដៃទេ គឺចូលទៅក្នុងម៉ាស៊ីនSprayបាញ់បង្វិលខ្លួនជាដើម។ អ៊ីចឹងសម្ដេចក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្ក្រាបឱ្យបានម៉ឺង ម៉ាត់ ជាពិសេសបុគ្គលដែលឆ្លៀតឱកាស ដែលយើងកំពុងតែទប់ស្កាត់នូវជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ បែរជាពួកគាត់ធ្វើផ្ដេសផ្ដាសអ៊ីចឹងទៀត ដូច្នេះទីតាំងខុសច្បាប់ទាំងនេះយើងបានបិទ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួល ខុសត្រូវតាមផ្លូវច្បាប់។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អំពាវនាវដល់អាជីវករលក់ដុំលក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ខ្ពស់ជាងផលចំណេញរបស់ខ្លួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយ មានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងចំនួន៣ ដែលជាទីតាំងស្តុកទុក និងចែកចាយអាល់ កុល ស្ថិតនៅភូមិព្រែកទាល់ ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរកឃើញវត្ថុតាង អាល់កុលចំនួន ១,៥០៨ កាន និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន ៧៤,០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុល ទាំងអស់នេះជាប្រភេទអាល់កុលក្លែងក្លាយគ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រសម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ពុំមាន ច្បាប់អនុញ្ញាតពីក្រសួង- ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់៕
ប្រភព ក្រសួងព័ត៌មាន