ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូចទាំងផ្ទះធំ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង នៅថ្ងៃទី៧-៨ ខែមិថុនានេះ ។
បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌ ប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបានពី៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។លោកបន្តថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។