នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យផ្លែគូលេនស្រស់ ដែលនាំចូលពីបរទេស ហើយត្រូវបានមន្ត្រីគយ និងរដ្ឋាករ ចាប់ឃាត់ទុកនៅស្នាក់ការគយ និងរដ្ឋាករចល័តតំបន់២ ផ្លូវជាតិលេខ០១ ស្ថិតនៅភូមិឡិក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំកិច្ចសហការពីមន្រ្តីគយ និងរដ្ឋាករ ក្រោយពេលចាប់ឃាត់ទុក និងមានការសង្ស័យថាផ្លែគូលេនស្រស់នេះ ពុំមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ក្រោយពីបានធ្វើតេស្តទៅលើគំរូផ្លែគូលែនស្រស់ចំនួន ១០គំរូ ដែលដកយកដោយចៃដន្យពីកេសទំនិញចំនួន ១០ លទ្ធផលបានបង្ហាញថាគំរូផ្លែគូលែនស្រស់ទាំងនោះ មានវត្តមានសំណល់ថ្នាំកសិកម្មក្នុងកំរិតទាបបំផុត ដែលមិនបង្កផលប៉ះពាល់ដល់សុខភាពចំពោះអ្នកបរិភោគឡើយ។
សូមបញ្ជាក់ ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែននៅឆ្នាំ២០១៩មក មានតែស្ថាប័នគយ និងរដ្ឋាករតែមួយគត់ ដែលមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែន។
ការចូលរួមត្រួតពិនិត្យទំនិញរបស់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅពេលនេះ គឺជាការអនុវត្តប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្ន ជាអគ្គនាយកដ្ឋាន ក.ប.ប. ប៉ុណ្ណោះ។
ប្រភព អគ្គនាយកដ្ឋាន ក.ប.ប.