Sponsor
នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយះការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 
តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១នេះ គឺបានធ្វើការបន្តពិនិត្យលើវឌ្ឍនភាពការងារ ដែលគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៏បាន ក្នុងរយះ ពេលពេញ១ សប្តាហ៏កន្លងមកនេះ ទទួលបានលទ្ធផលល្អ ស្របតាមផែនការ និងសកម្មភាពការងារដែលបានដាក់ចេញកន្លងមក។ 
នៅក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ បានធ្វើរបាយការបូកសរុបនូវរាល់សកម្មភាពការងារដែលបានបំពេញកន្លងមក និងផែនការសកម្មភាពការងារដែលត្រូវធ្វេីនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀត។ ជាមួយនេះ អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញការងារផ្សព្វផ្សាយ ចុះផ្សាយអត្ថបទនានាជាច្រើន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានរហ័សទាន់ពេលវេលា ហើយរាល់ការចេញផ្សាយព័ត៌មានត្រូវតែពិតច្បាស់លាស់ ជៀសវាងការចុះផ្សាយអត្ថបទដែលនាំអោយប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចជាបណ្តាប្រទេសក្នុងពិភពលោកផងដែរ។
 ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់ ក្នុងផែនការចំណាញថវិកាសម្រាប់កិច្ចការផ្សេងៗ នៅក្នុងឆ្នាំ២០២២ ពិសេសការចំណាយសម្រាប់ប្រេងឥន្ទន: ទុកត្រៀមចាក់ម៉ាស៊ីនផ្សាយរបស់ស្ថានីយ៏វិទ្យុជាតិកម្ពុជា និងទូរទស្សន៏ជាតិកម្ពុជា កុំអោយមានការអាក់ខាននៅពេលដាច់ចរន្តអគ្គីសនី ក្នុងពេលណាមួយ។ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយនូវរាល់ព័ត៌មាន បែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារ គតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៏សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល។ 
ជាមួយនេះរាល់ការផ្សាយព័ត៌មាន ត្រូវផ្អែកលើ ស្ថាប័នជំនាញ និង សមត្ថកិច្ច ក៏ដូចជាប្រភពច្បាស់លាស់ ហើយត្រូវដកស្រង់នូវរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័ន មានសមត្ថកិច្ច ពិសេសពាក់ពន្ធ័រឿងជំងឺកូវីដ ១៩ ត្រូវតែយក ប្រភព និង ព័ត៌មានច្បាស់លាស់ ដែលចេញដោយ ក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិត សម្រាប់អោយប្រជាពលរដ្ឋ បានដឹងទាន់ពេលវេលា៕ ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា 
 https://t.me/TVKlocal/10255

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor