header ads

Sponsor

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងទុកសុពលភាពរយៈពេលមួយឆ្នាំជូនក្រុមហ៊ុនសាងសង់ បន្ទាប់ពីការសាង សង់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដំណើការតាមដានគុណភាពផ្លូវសិន មុននឹងក្រសួងចុះហត្ថលេខា សម្រេចទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់ ក្នុងគោលបំណងធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវនេះបង្កប់ជញ្ជីងថ្លឹងទម្ងន់ក្រោមដី ដែលអនុញ្ញាត ឱ្យយើងដឹងទាំងល្បឿន ដឹងទាំងទម្ងន់ឡាន ហើយកាមេរ៉ាចាប់បានទាំងផ្លាកលេខឡាន ដើម្បីថែរក្សាផ្លូវនេះឱ្យបានយូរអង្វែង ដូចដែលក្រសួងធ្លាប់បានអនុវត្តការសាកល្បងបានជោគជ័យនូវជញ្ជីងប្រភេទ នេះនៅឯស្ថានីយថ្លឹងយានយន្តព្រែកឯងកន្លងមក។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ កន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹម រួមមានការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបាន ផាកពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានប្រមាណជាង១០០គ្រឿង និងបានឃាត់យានយន្តទុករយៈពេល១ឆ្នាំ និងបន្ថែមថា៖ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែម ទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ បើយើងរួបរួមគ្នា យើងមានផ្លូវថ្នល់ខ្វាត់ខ្វែង អាចធ្វើដំណើរស្រួល លឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ អាចប្រកួតប្រជែង ទាក់ទាញទេសចរណ៍ ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង និងសូមរួមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រីក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ឱ្យបានរុងរឿង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ គម្រោងសាងសង់ស្ពាននៅក្រចេះ និងបណ្ដាគម្រោងសាងសង់មួយចំនួនផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយភស្តុភាកម្ម ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ។

សូមជម្រាបជូនថាគម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។ កំណាត់ចោមចៅ-បែកគូស-កំពតនេះ ត្រូវបានបែងចែកជា២ផ្នែក៖
គីឡូម៉ែត្រ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស)៖ មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។ គីឡូម៉ែត្រ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ១៣៤+៧៩៦ (ទីរួមខេត្តកំពត)៖ ប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និង គ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post