ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបំភ្លឺដល់ សាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថាថ្មីៗនេះមានគេហទំព័រហ្វេសបុកឈ្មោះ Fun Moments ដែលបានបង្ហោះជាវីដេអូ រួមជាមួយ ខ្លឹមសារថា ៖ យកសំណាកអស់ចំនួន៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
ជាលទ្ធផល ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសាកសួរ ព័ត៌មានជុំវិញករណីដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា ៖
-មានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន២០គ្រួសារ មនុស្ស៨៩នាក់ (ស្រី៤២នាក់) ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយថវិកា៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០(ពីរលាន បីសែន បួនម៉ឺន)រៀល ។
-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន២០គ្រួសារនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកា ដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ ៕ ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ