header ads

Sponsor

មន្ត្រីសាខា ក.ប.ប. ខេត្តកំពត បានលើកឡើងថាបន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។

បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់បង់ជីវិតចំនួន ០៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដំណាក់ចង្អើរ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញបានប្រមូលសំណាកគំរូស្រាស និងស្រាថ្នាំដែលមានសេសសល់នៅផ្ទះជនរងគ្រោះនិងទីតាំងលក់ស្រាស និងស្រាថ្នាំ និងបន្តចុះស្រាវជ្រាវដល់កន្លែងផលិតស្រា ដែលស្ថិតនៅខាងជើងវត្តអង្គដំបងដែក ស្ថិតក្នុងភូមិតាក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។
សំណាកគំរូទាំងអស់ដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។
អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត៕ រូបភាព៖ អគ្គនាយកដ្ឋានក.ប.ប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post