លោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រុមគ្រួពេទ្យខេត្ដសៀមរាប បានចុះទៅយកសំណាកដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ ពីអាជីវករ នៅផ្សារលើធំថ្មី ជាលើកទី២ ខណៈលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានអាជីវករចូលរួមផ្ដល់ចំណាកមានចំនួនជាង១.៣០០នាក់ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារលើធំថ្មីនេះ ។

លោក បូ មេងទ្រី មានប្រសាសន៍បន្ថែមថា ការយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅព្រឹកមិញនេះ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ក្នុងចំណោមអាជីវករចំនួន ២៣៤នាក់ ហើយក្រុមគ្រូពេទ្យនឹងបន្ដយកសំណាកពីអាជីវករទៀត ព្រោះថា នៅមានអាជីវករច្រើនរយនាក់ទៀតនៅផ្សារលើធំថ្មីនេះ មិនទាន់បានផ្ដល់សំណាកលើកទី២នៅឡើយទេ ដោយរង់ចាំដល់វេន ពោលក្នុងរយៈពេលចំនួន១៤ថ្ងៃ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុងសៀមរាប បានធ្វើការអំពាវដល់ប្រជាពលរដ្ឋ និង អាជីវករដែលមានជាប់ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ សូមមកផ្ដល់សំណាកធ្វើតេស្ដលើកទី២បន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរ មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង តាមដានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ ដែលជាថ្ងៃនេះការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារលើធំថ្មីនេះ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដសៀមរាប បានឲ្យថាថា អាជីវករនៅក្នុងផ្សារលើធំថ្មីនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើននាក់ និងបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានម្នាក់ បានស្លាប់ ខណៈដែលអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ មួយចំនួនជា អាជីវករលក់ចាប់ហួយ អ្នកប្រមូលថ្លៃអនាម័យ និងជាអ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ រួមទាំងអ្នកដេរស្បែកជើងនៅខាងមុខផ្សារផងដែរ ។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតមកទល់ពេលរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០២នាក់ ហើយផ្សារលើធំថ្មី ត្រូវបានប្រកាសបិទលើកទី១ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និង ប្រកាសបិទបន្តបិទ លើកទី២ ក្នុងរយៈពេល១៤ថ្ងៃដូចគ្នា គិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor