
ភ្នំពេញ ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ដល់មន្ត្រីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ។
ផ្អែកតាមគោលការណ៍ណែនាំ ការយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ដល់មន្ត្រីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តិ៍រហ័សនេះ ត្រូវបានបញ្ជូនទៅធ្វើ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល មុនបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងដែលបានកំណត់។
នៅកន្លែងបញ្ជរយកសំណាកធ្វើតេស្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹក និងជំរុញស្មារតីចំពោះកងកម្លាំងនគរបាលជាតិ ដែលមានភារកិច្ចបំពេញការងារប្រចាំថ្ងៃតាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមានការព្រួយបារម្ភ ភ័យខ្លាចចំពោះការយកសំណាកធ្វើតេស្តនេះ។
ឯកឧត្តម បានថ្លែងថា បើចៃដន្យមន្ត្រីណាម្នាក់វិជ្ជមានកូវីដ-១៩ អង្គភាពអាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍ដោះស្រាយ បញ្ជូនទៅសង្គ្រោះ និងពិនិត្យព្យាបាលបានទាន់ពេលវេលា ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលពីមន្ត្រីម្នាក់ទៅមន្ត្រីម្នាក់ទៀតនៅកន្លែងធ្វើការបានទាន់ពេលវេលាផងដែរ។




