header ads

Sponsor

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបមានប្រសាសន៍ថា ឧបករណ៍ធ្វើតេស្ដរហ័ស(Rapid test ) រកមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាលអនុញ្ញាតទទួលស្គាល់ឲ្យប្រើប្រាស់ គឺមានចំនួន០៤ប្រភេទដូចជា៖ PANBIO Covid-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbott , SARs-CoV2 Rapid Antigen Test របស់ក្រុមហ៊ុន Roche , Rapid Antigen_test Covid-19 និង Standard Q COVID-19 ag Test របស់ក្រុមហ៊ុន SD Biosensor ដែលមានលក្ខខណ្ឌប្រើប្រាស់ខុសៗពីគ្នា ដោយទាមទារឲ្យប្រជាពលរដ្ឋទូទៅដែលចង់ប្រើប្រាស់ដោយខ្លួនឯង ត្រូវតែមានអ្នកជំនាញយ៉ាងហោចណាស់មានម្នាក់ ដើម្បីអាចទុកចិត្តបានថា លទ្ធផលតេស្ដត្រឹមត្រូវពិតប្រាកដ ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ដូច្នេះក្នុងកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានផ្សាយផ្ទាល់កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី មានប្រសាសន៍ទៀតថា ឧបករណ៍ធ្វើតេស្ដរហ័សនេះ គឺទាមទារឲ្យអ្នកប្រើប្រាស់ស្វែងយល់ពីរបៀបប្រើប្រាស់ឲ្យបានច្បាស់ ទើបនៅពេលយកសំណាក មិនធ្វើឲ្យមានការភ័ន្ដច្រឡំ ថាខ្លួនអវិជ្ជមាន ដែលបញ្ហានេះ វាមានហានិភ័យខ្ពស់ក្នុងការចម្លងទៅអ្នកដទៃ ប៉ុន្តែប្រការសំខាន់នោះ ការទៅរកសេវាធ្វើតេស្ដនៅមន្ទីរពេទ្យគឺប្រសើរជាងធ្វើតេស្ដដោយខ្លួនឯង ។
គួររំលឹកថា កាលពីដើមខែកក្កដាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីនៃកម្ពជា បានធ្វើការណែនាំឱ្យបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត ហើយក្រសួងសុខាភិបាលត្រូវធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ ដោយត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក ព្រមទាំងត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២.៥៥៣នាក់ បានព្យាបាលជាសះស្បើយ ចំនួន៩២៧នាក់ , ស្លាប់ចំនួន២៥នាក់ និង ចំនួន១.៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ៕
អត្ថបទ និង រូបថត ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post