(ខេត្តស្វាយរៀង)៖ យើងឃើញមានឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាល ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងក្រឡោងខុស ខណៈដែលអាជ្ញាធរខេត្តកំពុងមមារញឹកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ជាពិសេស បញ្ហាមនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាង ដែលប្រឈមនិងការឆ្លងវីរូសកូវីដ១៩ ចូលមកសហគមន៍។

ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ជាប់ច្រកព្រំដែនក្រឡោខុស ស្រុកយិនហ៊ឹងខេត្តឡុងអាន ប្រទេសវៀតណាម។

បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឲ្យអ្នកយកព័ត៍មានយើងដឹងថា: ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកសត្វក្របី ឲ្យដង្ខៅ ក្របីឈ្មោះ អាន រស់នៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃ ក្របី លក់ឲ្យវៀតណាម១ក្បាលប៉ុន្មានខ្លួនមិនដឹងទេ។

ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទីបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់ រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុស នេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោងឬ៨យប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជម្ងឺកូវីដ១៩ មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអាន ប្រទេសវៀតណាម កំពុងមានផ្ទុះជម្ងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភៈ។

ហើយប្រជាពលរដ្ឋរស់នៅទីនោះ ក៏បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ចូលពីប្រទេសវៀតណាម តាមម៉ូតូ ចូលមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៌ជាច្រើនដែររាល់ថ្ងៃ។

ទាក់ទិនករណីនេះ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្ត៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានអោយដឹងដែរថា: សត្វក្របីប្រមាណ១០ក្បាលដែលឈ្មោះ អាន ដឹកឆ្លងដែនទៅប្រទេសវៀតណាមនេះគឺ ជាក្របីទិញពីប្រជាពលរដ្ឋក្នុងស្រុក ចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយលក់ដើម្បីផ្គត់ផ្គង់ជីវភាព។

ចំពោះរឿងរ៉ាវនេះដែរ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ បានមានប្រសាសន៍ថា: ករណីឈ្មួញលួចនាំសត្វក្របីរស់ចេញទៅប្រទេសវៀតណាម ក្នុងភូមិសាស្រ្តឃុំបន្ទាយក្រាំងនេះ លោកមិនបានដឹងទេ! ហើយបើមានការនាំសត្វក្របីឆ្លងដែនមែននោះ គឺពាក់ពន្ធ័សមត្ថកិច្ចនគបាលវរៈការពារព្រំដែន ដែលឈជើងនៅច្រករបៀងនោះ ដែលរដ្ឋបាលខេត្តបាន ចេញសេចក្តីណែនាំ ឲ្យសមត្ថកិច្ចទប់ស្កាត់ និងរឹតបន្តឹងការធ្វើចរាចរណ៍មនុស្ស និងការនាំសត្វ ចេញចូលតាមច្រករបៀងពីប្រទេសជិតខាង ( សត្វគោ ក្របី ជ្រូក សាច់សត្វ និងផលិតផលធ្វើពីសាច់សត្វ) លោកនិងចាត់មន្ត្រីឲ្យចុះទៅពិនិត្យស្រាវជ្រាវករណីនេះ។

លោកអភិបាលស្រុកកំពង់រោទិ៍ បន្តទៀតថា: ចំណែកបន្លែត្រីសាច់ ដែលប្រជាពលរដ្ឋដឹកបន្តិចបន្តួចគឺគ្រាន់តែសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ នៅក្នុងខេត្ត ដែលដោះដូរទំនិញគ្នាទៅវិញទៅមកដែលរស់នៅតាមតំបន់ព្រំដែនគឺ មានពិតប្រាកដមែន ។

ពាក់ព័ន្ធនិងករណីនេះ លោក យ៉ន សុផល នាយប៉ុស្ត៍វរៈការពារព្រំដែនសំយ៉ោង បានមានប្រសាសន៍តាមទូរស័ព្ទអោយដឹងថា: លោកមិនបានជ្រាបករណី ឈ្មួញឈ្មោះ អាន នាំក្របីឆ្លងដែនទៅប្រទេសវៀតណាមនេះទេ ដោយមន្ត្រីប្រចាំការនៅច្រករបៀងក្រឡោងខុស មិនទាន់រាយការណ៍ជូនលោក។ ហើយលោកកំពុងជាប់រវល់ប្រជុំ ចាំល្ងាចលោកនិងសួរទៅមន្ត្រីរបស់លោក ឲ្យទំនាក់ទំនងជាមួយក្រុមហ៊ុនដែលនាំក្របី ឆ្លងដែនទាំងនោះ ថាមានអាជ្ញាបណ្ណ័ ឬច្បាប់នាំចេញដែរឬទេ បើមានលោកនិងដកលិខិតឯកសារពិនិត្យនិងផ្តល់ព័ត៌មាននៅពេលក្រោយ។

ចំពោះមហាជនសង្ឃឹមថា អាជ្ញាធរមានវិធាការ រឹតបន្តឹងបង្ការទប់ស្កាត់បទល្មើស និងអ្នកពាក់ពន្ធ័ដើម្បីសុវត្ថភាព សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor