មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មន្ដ្រីរបស់ខ្លួនបានខិតខំសំអាតកំទេចកំទីដី ដែលជាប់នៅប្រាង្គប្រាសាទអង្គរ ក្នុងអំឡុងពេល តំបន់រណីយដ្ឋានអង្គរត្រូវបានបិទខ្ទប់ ដើម្បីធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាពស្រស់ស្អាត។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងការបិទខ្ទប់ ការចូលទស្សនាប្រាសាទអង្គរវត្ដ ក្រុមការងារផ្នែកភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសំអាតដីធ្លី នៅប្រាសាទអង្គរវត្ដ ដើម្បីឱ្យមានសោភណ្ឌភាពស្រស់ស្អាត ។

បា្រសាទដែលហ៊ំព័ទ្ធដោយកំទេចកម្ទីនេះ វាធ្វើអោយប៉ះពាល់ដល់បរិស្ថានមិនល្អ ក៏ដូចជាប៉ះពាល់ដល់រូបចម្លាក់នៅលើប្រាង្គប្រាសាទផងដែរ។ លោកបានបន្ដថាភ្នាក់ងារទេសចរណ៍សម្អាតនៅបរិវេណប្រាសាទអង្គរវត្តនោះ ទោះបីស្ថានភាពនៅរមណីយដ្ឋានអង្គរត្រូវបានបិទការចូលទស្សនាយ៉ាងណាក៏ដោយ តែភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទនីមួយៗបានខិតខំធ្វើការថែទាំប្រាង្គប្រាសាទ ក្នុងសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្តែង ក្រុមការងារភ្នាក់ងារទេសចរណ៍បានបន្តសកម្មភាពដោយធ្វើការសម្អាតធូរលីដី ស្លែដែលកកជាប់លើខឿនប្រាង្គប្រាសាទអង្គរវត្ត។

សូមជម្រាបថា ក្រុមការងារសម្អាតប្រាសាទ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ឬក្រុមការងារណាមួយចូលរួមសំអាតនោះទេ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះឡើយ។ ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុង និងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក(សារាយ )។ល។

សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើជាប្រចាំ។ ប៉ុន្ដែយ៉ាងណា កិច្ចការទាំងអស់នេះមិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានរបស់មនុស្សជាតិ។មួយវិញទៀត អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរនេះ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលវិបត្ដិជំងឺកូវីដ-១៩ បានបញ្ចាប់នៅពេលខាងមុខនេះ ។ ជាមួយគ្នានោះ ការសំអាតបរិស្ថាន ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត៕
អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ លីវ សុខុន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor