header ads

Sponsor

រដ្ឋបាលខេត្តកណ្តាលបានអោយដឹងនៅថ្ងៃទី២៧សីហាថា បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មករ កម្មការិនីចំនួន៣ នាក់ វិជ្ជមានជំងឺកូវីដ-១៩ ហើយក្នុងនោះមានមួយករណីជាប្រភេទជំងឺកូវីដ-១៩ ប្រភេទថ្មី(Delta) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់តាំងឲ្យឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត ដឹកនាំក្រុមការងារ មន្ត្រីជំនាញ រួមជាមួយអាជ្ញាធរស្រុកអង្គស្នួល ចុះស្រាវជ្រាវស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់នូវការចំលងចូលក្នុងសហគមន៍។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា បុរសម្នាក់អាយុ៣៧ឆ្នាំ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) មានមុខរបរកម្មកររោងចក្រមួយ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការពិនិត្យ និងស្រាវជ្រាវ បានរកឃើញមានអ្នកពាក់ព័ន្ធដោយ ផ្ទាល់ចំនួន ៣៥នាក់ និងប៉ះពាល់ប្រយោល ចំនួន ១៦១នាក់ ។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ដើម្បីធានានូវសុវត្ថិភាព និងកាត់ផ្ដាច់នូវខ្សែចម្លងចូលសហគមន៍ ពិសេសជៀសវាងការឆ្លងទៅក្រុមគ្រួសារ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំង ១៩៦ នាក់ ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានគ្រប់គ្នា។ ឯកឧត្តម ឲ្យដឹងទៀតថា ក្រោយពីការធ្វើតេស្តយកសំណាក កម្មករចំនួន ១៩៦នាក់ ខាងលើ លទ្ធផលគឺពុំមានអ្នកវិជ្ជមាន នោះទេ (អវិជ្ជមានទាំងអស់)។
ឯកឧត្តមក៏បាន បន្ថែមទៀតថា បើទោះជាលទ្ធផលមិនមានវិជ្ជមានក៏ដោយក្ដី តែអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័ក បងប្អូនកម្មករ កម្មការិនី ទាំងអស់ ត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យទៅរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមគ្រូពេទ្យជំនាញដែលនៅជិតបំផុត៕ រូបភាព៖រដ្ឋបាលខេត្តកណ្តាល

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post