header ads

Sponsor

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា ការប្រើបច្ចេកវិទ្យាថ្មីកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ៊្សែរ អាចជួយបង្កើនទិន្នផលស្រូវពី ២០ ទៅ ៣០ ភាគរយ តាមរយៈការធ្វើឱ្យដី ស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការ សាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹងថា មួយក្នុងចំណោមអនុវិស័យជាច្រើន ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងគិតគូរយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍ គឺអនុវិស័យដំណាំកសិកម្ម ដោយបានបញ្ចូល យន្តូបនីយកម្មទៅក្នុងផលិតកម្មដំណាំ មានជាអាទិ៍៖ ការភ្ជួររាស់ ការពង្រាបដីដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹក ជញ្ជូន ច្រូតកាត់ បោកបែន សម្ងួត ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃ។ល។ ថ្មីៗនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ។

ឯកឧត្តម បន្តថា ដោយយល់ច្បាស់អំពីគុណប្រយោជន៍នៃបច្ចេកទេសនេះ នាយកដ្ឋានវិស្វកម្មកសិកម្ម បាននិងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករឲ្យបានទូលំទូលាយតាមរយៈការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន១៨ទីតាំង មានកសិករចូលរួមចំនួន ២៤៨នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ។

ឯកឧត្តម បន្តទៀតថា ឆ្លងតាមវគ្គបណ្តុះបណ្តាល និងការអនុវត្តន៍បង្ហាញ ប្រជាកសិករមានការចាប់អារម្មណ៍ខ្ពស់ទៅលើប្រសិទ្ធភាពនៃការ ប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍កៀរពង្រាបដី ហើយពួកគាត់បានគាំទ្រ និងចាប់ផ្តើមប្រើប្រាស់បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីលើដីស្រែ និងចម្ការរបស់ពួកគាត់ជាបណ្តើរៗ តាមរយៈការផ្តល់សេវាកម្មពីសំណាក់ក្រុមហ៊ុនឯកជន។

សូមបញ្ជាក់ថា ទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្ម នឹងបន្តផ្សព្វផ្សាយនិងធ្វើការបង្ហាញ បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនេះដល់ប្រជាកសិករឲ្យបានទូលំទូលាយ ហើយសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនេះនឹងយកទៅអនុវត្តក្នុងអនុវិស័យផលិតកម្មដំណាំ យ៉ាងទូលំទូលាយនាពេលអនាគត ៕

ប្រភពក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post