នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង ២០:៣០នាទីយប់មាន ជនជាតិចិន ចំនួន ៤នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំង ទាំងអស់ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អ ជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។
ចំណែក ជនជាតិចិន ចំនួន ៤នាក់ អ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ