header ads

Sponsor

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្ហាញថា ផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង១០០គោលដៅ។

លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការនៅតាមមូលដ្ឋាន ដោយបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំង សម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

បទបញ្ជានៃការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណៈរដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន ៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។ គួររំលឹកដែរថា ក្នុងសប្តាហ៍ទី១កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសទណ្ឌតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ។
ការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងក្រុងសៀមរាប ពុំបានអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម ដែលបានបង្កឱ្យការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ពុំមានប្រសិទ្ធភាពឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហមនោះ ៕

ពី៖មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post