Sponsor

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ «បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់ ។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើនៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបង្ក្រាបនោះដឹកនាំកម្លាំង ដោយលោក ទៀវ សំអឿន និងលោក កែវ សុភា អភិបាលរងខណ្ឌទួលគោក និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក ។
ការបង្ក្រាបភោជនីដ្ឋាន «បាត់អូន» នេះ ត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថា ថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាល ស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទDelta បំប្លែងថ្មី នៅក្នុងរាជធានីភ្នំពេញ ដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ។

បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ គឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុ និងមានការចាក់ភ្លេងកំដរអារម្មណ៍ ដោយមានភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ ស្រី០៥នាក់ ។
មនុស្សទាំង៣០នាក់ខាងលើ ត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ គឺពួកគេអវិជ្ជមាន ។ ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្ន រង់ចាំការសម្រេចជាក្រោយ ។ ដោយឡែក មនុស្សចំនួន៣០នាក់នេះ ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor