header ads

Sponsor

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ --ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងការ ហួសចិត្ត ទៅនឹង របាយការណ៍របស់ World Justice Project ចំពោះការវាយតម្លៃដោយមិនសមហេតុផលថាកម្ពុជា អនុវត្តនីតិរដ្ឋទាប ជាងគេបំផុតក្នុងអំឡុងបរិបទកូវីដ-១៩។

ឯកឧត្តម បានថ្លែងដូច្នេះប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ដោយឯកឧត្តម បានពន្យល់ថា ៖ “ទាក់ទងនឹងការវាយតម្លៃថា ការអនុវត្តច្បាប់ក្នុងអំឡុងបរិបទកូវីដ-១៩ នៅកម្ពុជា ទាបជាងប្រទេសដទៃនោះ គឺជារឿងមិនសមហេតុផលតែសោះ និងមិនស្របទៅនឹងស្ថានភាពជាក់ស្តែង ក៏ដូចជាបរិបទអន្តរជាតិ។ សូម្បីតែប្រទេសមួយចំនួន ដែលធ្លាប់រិះគន់កម្ពុជាពាក់ព័ន្ធនឹងការអនុវត្តវិធានការច្បាប់ក្នុងស្ថានភាពកូវីដនេះ ប៉ុន្តែប្រទេសខ្លួនឯងវិញបានអនុវត្តវិធានការច្បាប់ទាំង អស់នោះ ហើយអនុវត្តតឹងរ៉ឹង និងធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ដូចជាការបិទប្រទេស បិទតំបន់ វ៉ាក់សាំងកាតព្វកិច្ច ។ល។ ដូច្នេះការវាយ តម្លៃនេះ គឺមិនសមហេតុសមផល”។

ដោយឡែក ចំពោះការធ្វើរបាយការណ៍ ក៏ដូចជាការស្រាវជ្រាវវិញ ឯកឧត្តម បានបន្ថែមថា ការវាយតម្លៃនេះត្រូវបានសន្និដ្ឋានថា បានទទួលព័ត៌មាន ឬទិន្នន័យ តែពីភាគីម្ខាង អាចជាពីអង្គការសង្គមស៊ីវិល ឬក៏ក្រុមដែលមាននិន្នាការប្រឆាំងនឹងកម្ពុជា ដែលផ្តល់ ព័ត៌មាន ទៅខុស នាំឱ្យការវាយតម្លៃ និងបញ្ចេញលទ្ធផលនេះ ក៏ខុសទៅតាមហ្នឹងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ៖ “សូម្បីតែ អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សនោះ ក៏ទទួលបានព័ត៌មាន និងទិន្នន័យខុសពីក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង ដែលពាក់ព័ន្ធទៅនឹងតួលេខ ឬទិន្នន័យ ស្តីពីការអនុវត្តច្បាប់ ដែលខុសពីតួលេខ និងទិន្នន័យផ្លូវការ ដែលរាជរដ្ឋាភិបាលបានបង្ហាញ។ ទាំងនេះក៏នាំឱ្យមានការលម្អៀងនៅក្នុងការចេញរបាយការណ៍ និងលទ្ធផលហ្នឹងផងដែរ”។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ករណីបំផ្លើសមួយ ក្នុងចំណោមករណីច្រើនទៀត ដែលថាទណ្ឌកម្មយើងធ្ងន់ធ្ងរ ហើយដែលយើង រកឃើញនោះ គឺការរាយការណ៍ដោយក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង ដែលធ្វើឱ្យអ្នករាយការណ៍ ពិសេស យកទៅប្រើខុសនោះ គឺពាក់ព័ន្ធនឹងទណ្ឌកម្មដែលកម្ពុជា បានអនុវត្តលើអ្នកមិនគោរពច្បាប់ ឬវិធានការនានាដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ-១៩នោះ ដែលអ្នកល្មើសអាចមានទោសរហូតដល់ ២០ឆ្នាំ ដែលនេះគឺខុសពីខ្លឹមសារ ខុសពីការពិត ទាំងស្រុង។ ករណីដែលមានទោសរហូតដល់២០ឆ្នាំនោះ គឺសម្រាប់តែអ្នកដែលដឹងខ្លួនថាវិជ្ជមានវីរុសកូវីដ-១៩ ហើយចម្លងទៅអ្នក ដទៃដោយចេតនា ដែលនេះស្មើនឹងទោសឧក្រិដ្ឋធ្ងន់ធ្ងរ ក៏ប៉ុន្តែក្រៅពីហ្នឹងគឺមានប្រភេទនៃទោស និងស្ថានភាពបទល្មើស ដូចជាការ ដាក់ពិន័យជាប្រាក់ ការអប់រំណែនាំ ការណែនាំឱ្យនៅក្នុងផ្ទះ នៅរយៈពេលណាមួយ ។ល។។ ករណីមួយទៀតគឺ ពាក់ព័ន្ធនឹង របាយការណ៍ ថាមានការឃាត់ខ្លួនអ្នកល្មើសរហូតដល់ប្រមាណ ៧០០នាក់ ដែលនេះជាករណីបំភ្លៃមួយទៀត ដែលតាមការពិត ទៅការឃាត់ខ្លួន ប្រហែល១០០នាក់ប៉ុណ្ណោះ ហើយមានប្រហែល ៣០នាក់ត្រូវបានឃុំខ្លួន ក្រៅពីហ្នឹងគឺឱ្យនៅក្រៅឃុំ ហើយករណី ភាគច្រើនគឺពិន័យជាប្រាក់ អប់រំណែនាំ និងឱ្យត្រលប់ទៅផ្ទះវិញ។

ឯកឧត្តមក៏បានបង្ហាញនូវចម្ងល់អំពីវិធីសាស្រ្តស្រាវជ្រាវ និងមូលដ្ឋាននៃការវាយតម្លៃរបស់ World Justice Project ដែលមានភាព ចម្លែកមែន ព្រោះពិន្ទុនីតិរដ្ឋរបស់កម្ពុជា បែរជាទៅនៅក្រោមប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្ត ប្រទេសខ្លះដឹកនាំដោយ របបយោធា និងប្រទេសខ្លះទៀតកំពុងតែច្បាំងគ្នា និងឡើងកាន់អំណាចដោយកម្លាំងយោធា និងរដ្ឋប្រហារទៅវិញ ដោយ ឯកឧត្តម បានបញ្ជាក់ថា ៖ “ការវាយតម្លៃនេះ មិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលយើងគ្រប់គ្នាមើលឃើញក្នុងពេលបច្ចុប្បន្ននេះ”។

ពាក់ព័ន្ធនឹងករណីនេះផងដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរសារខ្លីនៅលើបណ្តាញសង្គម នៅថ្ងៃនេះថា ៖ “សូមពិចារណា! តើវាយុត្តិធម៌ទេលោក World Justice Project? បើទាបជាងភូមា និងវៀតណាម អញ្ចឹងមានតែកម្ពុជា យកភូមា និងវៀតណាមធ្វើគំរូហើយ។ គឺចាប់ពួកប្រឆាំងឱ្យច្រើនថែមទៀតដាក់ពន្ធនាគារ និងកាត់ទោសប្រហារជីវិត ឱ្យដូចប្រទេស វៀតណាម”។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ហៅកាត់ថា WJP) បានចេញផ្សាយថា នៅក្នុងចំណោមចំនួន ១៣៩ កម្ពុជាទទួលបានចំណាត់ថ្នាក់នៅលេខរៀងទី១៣៨ ជាប្រទេសដែលមាននីតិរដ្ឋទាបជាងគេនៅ ឆ្នាំ២០២១នេះ៕

ប្រភព AKP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post