សង្គម
យោងតាមប្រកាស របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកវរសេនីយ៍ទោ អ៊ុក បូនីន ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
តាមរយៈសំណេររបស់លោក ម៉េង វិមានតារា កាលពីថ្ងៃទី ២៩ ខែធ្នូកន្លងទៅបានរៀបរាប់ឲ្យដឹងថា៖ «ត្រឹមតែមួយប៉ប្រិចភ្នែកសោះ ជិតប្រាំបីឆ្នាំ! ជាង៤ឆ្នាំជាអធិការរង និង៣ឆ្នាំជាអធិការ បានកន្លងហួសផុតទៅ នៅសល់តែការចងចាំ និងអនុស្សាវរីយ៍ដ៏ច្រើនរាប់មិនអស់ នៅលើទឹកដីដ៏វិសិដ្ឋមួយនេះ ជាទីកន្លែងដែលសូម្បីតែគិត ក៏មិនដែលហ៊ាននឹកស្មានថានឹងមានវាសនាបានមកដល់ចំណុចនេះ!
លោកបានបន្តថា៖ បានមកស្គាល់ បានមកភ្ជាប់និស្ស័យ បានមករួមកិច្ចការងារជាមួយបងប្អូនកងកម្លាំងទាំងអស់គ្នាដែលសុទ្ធតែជាសហការីល្អៗ និងបានបញ្ចេញឆន្ទៈបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមួយនេះយ៉ាងផុលផុស។ គ្រាន់តែសង្ឃឹមថា ទៅថ្ងៃអនាគតនឹងមានឱកាស ងាកក្រោយសំលឹងមើលទឹកដីដ៏ល្អមួយនេះ ដោយស្នាមញញឹម លើការអភិវឌ្ឍន៍លើគ្រប់វិស័យ និងស្ថានភាពស.ន្តិសុ.ខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
ប្រសិនបើពិតជាបានដូច្នេះមែន វានឹងក្លាយទៅជាសេចក្តីសុខមួយយ៉ាងពិតប្រាកដ ដែលគួរឱ្យស្កប់ស្កល់ណាស់ទៅហើយ។ #៨ឆ្នាំ លើទឹកដីខណ្ឌមានជ័យ! ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបាទ បានចូលរួមចំណែក ក្នុងបុ.ព្វហេតុជាតិ ការ.ពារស.ន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ខណ្ឌមានជ័យ កន្លងមក! ហើយក៍ប្តេជ្ញាខិតខំឲ្យបានល្អប្រសើរបន្ថែមទៀត ទៅលើតួនាទី និងភារកិច្ចថ្មីដែលថ្នាក់ ដឹកនាំប្រគល់ជូន។»
ជាមួយគ្នានេះដែរតាមរយៈការបញ្ចេញមតិរបស់ពលរដ្ឋម្នាក់បានលើកឡើងថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូបក្នុងមូលដ្ឋានខណ្ឌមានជ័យរបស់បងប្រុសដែលបានគ្រប់គ្រងកន្លងមក មានការអាឡោះអាល័យជាពន់ពេកពេលបានឮថាបងប្រុសផ្លាស់ប្ដូរទៅជាស្នងការរងខេត្តកណ្ដាលជូនពរបងអធិការខណ្ឌមានជ័យដែលបានផ្លាស់ប្ដូរទៅជាស្នងការរងខេត្តកណ្ដាលសូមឱ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ច»