សង្គម
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមអបអរសាទរជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើននាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរី.ក.រា.លដា.លជំ.ងឺ ក៏ដោយ។
ឯកឧត្តមបានបន្តថា ឆ្លៀតក្នុងឱកាសនេះ សូមអរគុណចំពោះមាតាបិតា អាណាព្យា.បា.លសិស្ស ដែលបានផ្ដល់ឱកាសឱ្យក្មួយៗ បានរៀនសូត្រពេញលេញ រហូតទទួលបាននូវកិត្តិយសគឺជ័យលាភីល្អសម្រាប់ខ្លួនគេ សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តកំពង់ស្ពឺរបស់យើង តាមរយៈនេះសូមលោកគ្រូ អ្នកគ្រូ អាណាព្យា.បាលសិស្សានុសិស្ស ជាពិសេសក្មួយៗ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរ នៅល្ងាចថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបានចេញសារមួយថ្មីទៀត ដែលបានលើកឡើងថា៖ ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក!
កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។
បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!
សូមជម្រាបជូនផងដែរថា នៅខេត្តកំពង់ស្ពឺសម្រាប់សិស្សដែលជាប់បាននិទ្ទេស A គឺមានចំនួន៣៣នាក់។