ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នា បម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះ ធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែងរបស់ខ្មែរ។
នេះបើតាមឯកឧត្តមថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ...។លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអគុណ ដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»។
ឯកឧតុ្តម បានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលធ្វើការដឹកដោយគោយន្តនោះ គឺមានចំនួនជាបីគ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង៦០០គីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរគេចាប់បានដោយចៃដន ខណៈគេទៅបង្រ្កាបឡានគេចពន្ធនោះ៕