header ads

Sponsor

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នការពារខ្លួនពីកូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

យោងតាមសារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បាមបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ភូមិដ្ឋាន និងទីកម្សាន្តនានាជាច្រើន ក្នុងឱបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាពេលសប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី បានខកខានអស់២ឆ្នាំ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាមានការសប្បាយរីករាយយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ពីការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ក្នុងមួយថ្ងៃៗ ជាពិសេសពេលវេលាដែលប្រជាពលរដ្ឋធ្វើដំណើរច្រើន។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលអាជ្ញាធរ ឬសុខាភិបាល បានដាក់ទីតាំងចាក់នៅទីរមណីយដ្ឋាន គោលដៅកម្សាន្តនានា ជាពិសេសតាមទីវត្តអារាម រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ដែលជាការគិតគូរដល់ខ្ពស់សុខុមាលភាពប្រជាពលរដ្ឋ ទប់ស្កាត់ការឆ្លងជំងឺកាចសាហាវកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវចំពោះពលរដ្ឋដែលដើរលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មី ក្រៅពីខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ សូមបន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ការពារខ្លួនតាមវិធានការ៣កុំ ៣ការពារ ខណៈសម្តេចសង្កេតឃើញថា ពលរដ្ឋដើរលេងកកម្សាន្តសប្បាយរីករាយឆ្នាំថ្មីនេះមានការធ្វេសប្រហែសមិនសូវពាក់ម៉ាស និងទីកន្លែងចាក់វ៉ាក់សាំង មានអ្នកទៅចាក់នៅតិចនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់ប្រជាពលរដ្ឋបើមានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួតរះធ្វើតេស្តរកកូវីដ-១៩ដោយខ្លួនឯង ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវមានវិធានការការពារខ្លួនគ្រប់ពេល ដើម្បីឲ្យប្រកដថាក្រោយចូលឆ្នាំហើយយើងមិនមានករណីឆ្លងកូវីដ-១៩បន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post