header ads

Sponsor

សៀមរាប៖ បុរសដែលជាមន្ត្រីសាលាស្រុកពួក និងជាអ្នកមើលថែ ចិញ្ចឹមក្រពើ ដែលបានដើរទៅបត់ជើងតូច ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងអាងក្រពើត្រូវបានសត្វក្រពើខាំបោ.កបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ឥឡូវនេះគាត់បានស្លា.ប់ហើយ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ។

រឿងរ៉ាវខាងលើនេះបានកើតឡើងកាលពីម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២២ បុរសឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក បានដើរទៅបត់ជើងតូច ហើយបានរអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ត្រូវបានសត្វក្រពើខាំបោកបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង ហើយត្រូវបានក្រុមគ្រូសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយសារតែសភាពរបួសធ្ងន់ធ្ងរពេក ក៏ត្រូវបានគ្រួសារដឹកទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បើតាមសមត្ថកិច្ច ដែលបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានសួរនាំប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូសុធា) ជាអ្នកមើលថែទាំការចិញ្ចឹមសត្វក្រពើ និងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើតែម្នាក់ឯង។

ហើយនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារជួបជុំគ្នាផឹក អស់ស្រាបៀរ១កេស ហើយបែកគ្នាទៅដេករៀងៗខ្លួន។ ចំណែកជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើលុះដល់ម៉ោង១ យប់ រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក៏បានលឺសំឡេង ជនរងគ្រោះស្រែកឲ្យជួយ ហើយលឺដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះ ក៏នាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើ ក៏បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញហើយនាំគ្នាយកឈើជួយវាយក្រពើដើម្បីសង្គ្រោះ ដើម្បីយកជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អាងចិញ្ចើមសត្វក្រពើនោះមានច្រើនអាងជាប់គ្នា ដោយឡែកទ្រុងចិញ្ចឹមក្រពើ ដែលជនរងគ្រោះបានធ្លាក់ចូលនោះ គឺមានទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។

ហើយដោយសារតែមុខរបួសធ្ងន់ធ្ងរ និងច្រើនកន្លែងពេក គ្រូពេទ្យបានប្រាប់ទៅក្រុមគ្រួសារថា មិនអាចព្យាបាលជានោះទេ ដោយឲ្យក្រុមគ្រួសារដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយក៏បានដាច់ខ្យល់ស្លា.ប់នៅតាមផ្លូវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post