ភ្នំពេញ ៖ បុរសម្នាក់បើកបរបានបើករថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿង ដែលសង្ស័យងងុយដេក បានរ៉េចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវអស់ចំនួន១១ផ្ទាំង តែមិនបណ្តាល ឲ្យមានអ្នករងរបួស និងប៉ះពាល់ដល់អ្នកធ្វើបាននៅលើដងផ្លូវឡើយ គ្រាន់តែធ្វើឲ្យស្ទះផ្លូវបន្តិច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥០នាទីព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវលេខ ២៧១ ត្រង់ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1991 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចមុខផ្សារហេងលី សង្ស័យតៃកុងរថយន្តសង្ស័យងងុយដេក ស្រាប់តែរថយន្តបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួន១១ផ្ទាំង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស និងប៉ះពាល់ដល់អ្នកធ្វើដំណើរនោះទេ។ បណ្ដាលឲ្យរបាំងថ្មពុំចែកទ្រូងផ្លូវខ្ទាតពេញផ្លូវ ត្រូវបាននគរបាលជំនាញស្ទួចរៀបចំទ្រូងឡើងវិញជៀសវាងបង្កការកក់ស្ទះដល់បងប្អូនអ្នកធ្វើដំណើរ ។ ចំណែកតៃកុងរថយន្ត បានចុះពីលើរថយន្តរួចរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕