header ads

Sponsor

(ស្វាយរៀង): នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានអញ្ជើញជាអធិតបីភាពក្នុងពិធីចុះហត្ថលេខានៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ អាជ្ញាធរមីនតំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group តំណាងដោយលោក Larry Kao នាយកប្រចាំប្រទេស។


ក្នុងនាមឲ្យលោក Clement Yang លោក Larry Kao បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានមកដាក់ការវិនិយោគនៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ ដោយចាប់ផ្តើមក្នុងឆ្នាំ២០០០ ដោយក្រុមហ៊ុន MedTecs នៅខេត្តកំពង់ចាម ផលិតនៅឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ពេទ្យ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាយជំងឺសារ និងក្រោយមកទៀតប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


លោកបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែមបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិត ដែលសម្ភោធក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣៥០០០នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។

លោកបញ្ជាក់បន្ថែមថា ដោយមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារមនុស្សធម៌ តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group បានសហការជាមួយអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងជ្រើសរើសយកខេត្តស្វាយរៀងជាអាទិភាព។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំលោក Clement Yang និងលោក Larry Kao សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដែលបានចូលរួមផ្តល់ឱកាសការងារយ៉ាងច្រើន និងលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងដល់ប្រជាជនខ្មែរ ជាពិសេសបានចូលរួមប្រែក្លាយតំបន់ស្ងប់ស្ងាត់ និងវាលស្រែនៅក្រុងបាវិត ទៅជាតំបន់សំបូរទៅដោយរោងចក្រ មានភាពអ៊ូអរ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា “ការវិនិយោគទាំងនេះបានដំណើរការជោគជ័យ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសវិនិយោគយ៉ាងច្រើនជាមួយនឹងកម្លាំងពលកម្មសំបូរបែបសម្រាប់ការទាក់ទាញ និងការសម្រចចិត្តរបស់អ្នកវិនិយោគគិន។

លោកបន្តទៀតថា សុខសុវត្ថិភាពសម្រាប់ការវិនិយោគ ក៏មានការចូលរួមធានាពីការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា ហើយប្រសិនបើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្តទៀតនៅកម្ពុជា៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post