ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបុរសម្នាក់ក្រោយពីធ្វើសកម្មភាពឱ្យខូចខាតដោយចេតនា ទ្រព្យសម្បត្តិសាធារណៈ (ប្រើកាំបិត ប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា) នៅចំណុចគល់ស្ពានព្រះមុន្នី វង្សចាស់ ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣និង០០នាទី។
សមត្ថកិច្ចឃាត់ខ្លួនក្រោយទទួលបានពាក្យបណ្ដឹងពី ឈ្មោះគង់ សុផល ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារ ស្នាក់នៅ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (តំណាងសាលាសង្កាត់ច្បារអំពៅ១)។
ជនសង្ស័យឈ្មោះចាន់ ត្រា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង យកកាំបិតប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា បណ្តាលឲ្យខូចខាតមួយកន្លែង រួចដើរគេចខ្លួនបាត់។ លុះដល់ថ្ងៃទី ០៩-០៥- ២០២២ ម៉ោង២២និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១ ធ្វើការសាកសួរ។