header ads

Sponsor

(ខេត្តស្វាយរៀង)៖ មានរថយន្តយីឌុបធុនយក្សជាច្រើនគ្រឿង ឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ មកសង្ងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់ ដោយសង្ស័យថាសមត្ថកិច្ចមានការត្រូវរ៉ូវគ្នាជាមួយពពួកឈ្មួញ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ នៅចំណុចច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិត និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។

ប្រភពបន្តទៀតថាៈ ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានឈ្មួញមករកស៊ីនាំទំនិញចេញចូលទៅប្រទេសវៀតណាមច្រើន ពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រសាំងជ្រំ មានផ្លែស្រការនាគ ធូរេន និងខ្នុរជាដើមបាន ដឹកតាមរថយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ។ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាមវិញ គឺមាន: ស្ករស, បារី ,អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតឃ្លុំជិត មិនអាចរកការបំភ្លឺពីសមត្ថកិច្ចបានទេ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា: ស្ករ.ស និងបារី«ស៊ែត,JET និងបារីHERO» គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅ ក្នុងឃ្លាំង ស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។

ចំពោះករណីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថរូបនោះ បានបំភ្លឺតាមទូរសព្ទ័ថា : ទំនិញ ស្ករ.ស ជារបស់ប្រពន្ធគាត់ បានបង់ពន្ធគយ អស់ហើយ និងបង់ថ្លៃផ្លូវរួចហើយដែរ។

ចំណែកមហាជនបានលើកឡើងថា: ចុះហេតុអ្វី? បើបង់ពន្ធអស់ហើយម្តេចក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រ ចេញតាមផ្លូវវាងឆ្លងប្រឡាយទៅប្រទេសវៀតណាមទៅវិញ ហាក់ដូចជារកសុីបំបាំងកាយអញ្ចឹង?

ចំពោះការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកគឺ ពុំដែលឃើញមានមន្ត្រីជំនាញ ចុះមកពិនិត្យគុណភាពទេ ហានីភ័យខ្លាំងណាស់ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ហើយចំពោះទំនិញគេចពន្ធគឺធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋ សូមថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញខេត្តមេត្តា ជួយពិនិត្យផង៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post